ជំពូក ៨
1
ឥឡូវនេះ លោកអេលីសេបានមានប្រសាសន៍ទៅស្ត្រីដែលកូនប្រុសរបស់នាងរស់ឡើងវិញ។ លោកបានប្រាប់នាងថា៖ «សូមក្រោកឡើង ហើយទៅជាមួយមនុស្សក្នុងគ្រួសារអ្នក ហើយស្នាក់នៅកន្លែងណាដែលអ្នកអាចស្នាក់នៅបានក្នុងទឹកដីមួយផ្សេងទៀត ព្រោះព្រះអម្ចាស់បានធ្វើឲ្យមានទុរ្ភិក្ស ដែលនឹងកើតឡើងក្នុងទឹកដីនេះប្រាំពីរឆ្នាំ»។
2
ដូច្នេះ ស្ត្រីនោះបានក្រោកឡើង ហើយនាងបានស្តាប់បង្គាប់ពាក្យរបស់អ្នកបម្រើព្រះអម្ចាស់។ នាងទៅជាមួយអ្នកនៅក្នុងផ្ទះរបស់នាង ហើយរស់នៅក្នុងទឹកដីភីលីស្ទីនអស់ប្រាំពីរឆ្នាំ។
3
នៅចុងឆ្នាំពីប្រាំពីរ ទើបស្រី្តនោះត្រឡប់ពីទឹកដីភីលីស្ទីនវិញ ហើយនាងបានទៅគាល់ស្តេចដើម្បីសុំផ្ទះ និងដីរបស់នាងមកវិញ។
4
ឥឡូវនេះ ស្តេចបាននិយាយជាមួយនឹងកេហាស៊ីជាអ្នកបម្រើរបស់ព្រះអម្ចាស់ថា៖ «សូមប្រាប់ពីការអស្ចារ្យដែលលោកអេលីសេបានធ្វើដល់ខ្ញុំផង»។
5
បន្ទាប់មក គាត់បានទូលស្តេចពីអ្វីដែលលោកអេលីសេបានប្រោសក្មេងឲ្យរស់ពីស្លាប់ឡើងវិញ ស្ត្រីដែលកូនរបស់នាងបានរស់ឡើងវិញមកសុំផ្ទះនឹងដីរបស់នាងពីព្រះករុណា។ លោកកហាស៊ីទូលថា៖ «ព្រះករុណា គឺស្រ្តីនេះ ហើយនេះគឺកូនរបស់នាង ដែលលោកអេលីសេបានប្រោសឲ្យបានរស់»។
6
នៅពេលដែលស្តេចបានសួរនាងអំពីកូនរបស់នាង រួចនាងក៏ពន្យល់រឿងនេះដល់ទ្រង់។ ដូច្នេះ ស្តេចក៏បានបញ្ជាមេបញ្ជាការម្នាក់ថា៖ «សូមប្រគល់អ្វីដែលជារបស់នាង និងផលចម្រូតក្នុងស្រែរបស់នាងតាំងពីថ្ងៃដែលនាងចាកចេញរហូតដល់ឥឡូវនេះដល់នាងវិញផង»។
7
លោកអេលីសេបានមកក្រុងដាម៉ាស ជាកន្លែងដែលព្រះបាទបេន ហាដាដជាស្តេចស្រុកអារ៉ាមប្រឈួន។ គេបានទូលស្តេចថា៖ «អ្នកបម្រើរបស់ព្រះអម្ចាស់បានមកទីនេះ»។
8
ស្តេចបានរាជឱង្ការទៅលោកហាសែលថា៖ «សូមយកអំណោយទៅជាមួយអ្នក ហើយទៅជួបអ្នកបម្រើរបស់ព្រះអម្ចាស់ ហើយសុំយោបល់ពីព្រះអម្ចាស់តាមរយៈលោក ដោយសួរថា៖ «តើយើងនឹងជាពីជំងឺនេះឬទេ»?
9
ដូច្នេះ លោកហាសែលទៅជួបគាត់ហើយបានយកអំណោយទៅជាមួយគាត់ គឺរបស់ល្អៗគ្រប់យ៉ាងពីក្រុងដាម៉ាស ដែលប្រើអូដសែសិបដឹក។ ដូច្នេះ លោកហាសែលបានមក ហើយបានឈរនៅមុខអេលីសេ ហើយនិយាយថា៖ «កូនប្រុសរបស់អ្នកបេនហាដាដ ជាស្តេចស្រុកអារ៉ាម បានបញ្ជូនខ្ញុំឲ្យមកជួបលោក ដោយនិយាយាថា៖ «តើខ្ញុំនឹងជាពីជំងឺឬទេ?»
10
លោកអេលីសេបានមានប្រាសន៍ទៅគាត់ថា៖ «សូមទៅប្រាប់បេនហាដាដថា៖ «អ្នកប្រាកដជាបានជា» ប៉ុន្តែ ព្រះអម្ចាស់បានបង្ហាញដល់ខ្ញុំថា ស្តេចពិតជាសុគតមិនខាន»។
11
បន្ទាប់មក លោកអេលីសេបានសម្លឹងមើលលោកហាសែលរហូតដល់លោកខ្មាស់អៀន ហើយអ្នកបម្រើរបស់ព្រះអម្ចាស់បានបានយំ។
12
លោកហាសែលបានសួរលោកថា៖ «លោកម្ចាស់ ហេតុអ្វីបានជាលោកយំ»? លោកឆ្លើយថា៖ «ព្រោះខ្ញុំបានដឹងពីការអាក្រក់ដែលអ្នកនឹងធ្វើជាមួយប្រជាជនអ៊ីស្រាអែល។ អ្នកនឹងដុតទីមាំមួនរបស់ពួកគេ ហើយអ្នកនឹងសម្លាប់ក្មេងប្រុសៗរបស់ពួកគេដោយដាវ បោកសម្លាប់ក្មេងតូចៗ ហើយវះពោះស្រ្តីដែលមានផ្ទៃពោះផង»។
13
លោកហាសែលឆ្លើយថា៖ «តើអ្នកបម្រើរបស់លោកជាអ្នកណា ដែលអាចធ្វើរឿងដ៏ធំនេះបាន? ខ្ញុំគ្រាន់តែជាឆ្កែមួយក្បាលប៉ុណ្ណោះ»។ លោកអេលីសេឆ្លើយថា៖ «ព្រះអម្ចាស់បានបង្ហាញដល់ខ្ញុំថាអ្នកនឹងក្លាយជាស្តេចលើស្រុកអារ៉ាម»។
14
បន្ទាប់មក លោកហាសែលបានចាកចេញពីលោកអេលីសេ ហើយបានទៅជួបចៅហ្វាយរបស់លោក ដែលបាននិយាយទៅគាត់ថា៖ «តើលោកអេលីសេបាននិយាយអ្វីខ្លះជាមួយអ្នក»? លោកឆ្លើយថា៖ «លោកបានប្រាប់ខ្ញុំថាព្រះករុណានឹងបានជាមិនខាន»។
15
បន្ទាប់មក នៅថ្ងៃបន្ទាប់លោកហាសែលបានយកភួយមួយជ្រលក់ទឹក ហើយបានគ្របលើមុខរបស់ព្រះបាទបេនហាដាដ ដូច្នេះស្តេចក៏សុគតទៅ។ បន្ទាប់មក លោកហាសែលក្លាយជាស្តេចជំនួសទ្រង់។
16
នៅក្នុងឆ្នាំទីហាសិបស្តេចយ៉ូរ៉ាមកូនរបស់អហាប់ជាស្តេចស្រុកអ៊ីស្រាអែល គឺព្រះបាទយេហូរ៉ាមបានចាប់ផ្តើមសោយរាជ្យ។ ព្រះអង្គជាបុត្ររបស់ព្រះបាទយ៉ូសាផាត បានឡើងសោយរាជ្យនៅស្រុកយូដា។
17
ព្រះបាទយេហូរ៉ាមមានព្រះជន្មសាមសិបពីរវស្សានៅពេលដែលស្តេចឡើងសោយរាជ្យ ស្តេចសោយរាជ្យបានប្រាំបីឆ្នាំនៅក្រុងយេរូសាឡឹម។
18
ព្រះបាទយេហូរ៉ាមបានដើរតាមមាគា៌របស់ស្តេចស្រុកអ៊ីស្រាអែល ដូចជាគ្រួសាររបស់អហាប់បានធ្វើដែរ ព្រោះស្តេចយកកូនស្រីរបស់អហាប់ធ្វើជាមហេសី ហើយស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់។
19
ទោះជាយ៉ាងណាក៏ដោយ ដោយសារដាវីឌជាអ្នកបម្រើរបស់ព្រះអង្គ ព្រះអម្ចាស់មិនចង់បំផ្លាញស្រុកយូដាទេ តាំងពីពេលដែលព្រះអង្គមានបន្ទូលថាព្រះអង្គតែងតែឲ្យមានម្នាក់ស្នងរាជ្យបន្ត។
20
នៅក្នុងរាជ្យរបស់ព្រះបាទយេហូរ៉ាមជនជាតិអេដុមបានបះបោរប្រឆាំងនឹងការត្រួតត្រារបស់ជនជាតិយូដា ហើយពួកគេបានលើកស្តេចមួយអង្គគ្រប់គ្រងលើពួកគេ។
21
បន្ទាប់មក ព្រះបាទយេហូរ៉ាមបានឆ្លងកាត់ទីនោះដោយមានមេទ័ព និងរទេះចម្បាំងទាំងអស់ផង។ ស្តេចបានតើនឡើងនៅពេលយប់ ហើយវាយប្រហារជនជាតិអេដុម ប៉ុន្តែ ពួកអេដុមបានឡោមព័ទ្ធព្រះអង្គ និងពួកមេទ័ពរទេះចម្បាំងផង។ បន្ទាប់មក ពួកទាហានរបស់ព្រះបាទយេហូរ៉ាមបានភាសខ្លួនទៅផ្ទះរបស់ពួកគេវិញ។
22
ដូច្នេះ ស្រុកអេដុមបានបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ស្រុកយូដារហូតដល់សព្វថ្ងៃ។ ក្រុងលីបណាក៏បះបោរដែរនៅក្នុងពេលនោះ។
23
រឿងរា៉វផ្សេងទៀតទាក់ទងនឹងព្រះបាទយេហូរ៉ាម អ្វីដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬ?
24
ព្រះបាទយេហូរ៉ាមបានសុគត ហើយសម្រាកជាមួយបុព្វបុរសរបស់ព្រះអង្គ ហើយគេបានបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ។ បន្ទាប់មក ព្រះបាទអហាស៊ីយ៉ា ជាបុត្រ បានឡើងស្នងរាជ្យបន្ត។
25
នៅក្នុងឆ្នាំទីម្ភៃនៃរាជ្យរបស់ព្រះបាទយ៉ូរ៉ាមបុត្ររបស់ព្រះបាទអហាប់ជាស្តេចស្រុកអ៊ីស្រាអែល ព្រះបាទអហាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយេហូរ៉ាមបានឡើងសោយរាជ្យជាស្តេចស្រុកយូដា។
26
ព្រះបាទអហាស៊ីយ៉ា មានព្រះជន្មម្ភៃពីរវស្សាកាលស្តេចឡើងសោយរាជ្យ ស្តេចសោយរាជ្យបានមួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា អថាលា ជាកូនស្រីរបស់ព្រះបាទអូមរី ស្ដេចស្រុកអ៊ីស្រាអែល។
27
ព្រះបាទអហាស៊ីយ៉ាបានដើរតាមមាគា៌របស់គ្រួសារអហាប់ ស្តេចបានប្រព្រឹត្តអាក្រក់ចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ ដូចដែលគ្រួសាររបស់អហាប់បានធ្វើដែរ ព្រោះព្រះបាទអហាស៊ីយ៉ាជាបុត្រសន្និសារបស់គ្រួសារស្តេចអហាប់។
28
ព្រះបាទអហាស៊ីយ៉ាបានទៅជាមួយព្រះបាទយ៉ូរ៉ាមជាបុត្រារបស់ព្រះបាទអហាប់ដើម្បីវាយប្រឆាំងនឹងព្រះបាទហាសែល ជាស្ដេចស្រុកអារ៉ាម នៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ ពួកជនជាតិអារ៉ាមបានធ្វើឲ្យព្រះបាទយ៉ូរ៉ាមមានរបួស។
29
ព្រះបាទយ៉ូរ៉ាមបានត្រឡប់មកយេសរាលវិញដើម្បីព្យាបាលរបួសដែលជនជាតិអារ៉ាមបានធ្វើឲ្យទ្រង់មានរបួសនៅក្រុងរ៉ាម៉ូត នៅពេលដែលព្រះអង្គវាយប្រឆាំងនឹងព្រះបាទហាសែលជាស្តេចស្រុកអារ៉ាម។ ដូច្នេះ ព្រះបាទអហាស៊ីយ៉ាជាបុត្ររបស់ព្រះបាទយេហូរ៉ាមស្តេចស្រុកយូដា ចេញដំណើរទៅក្រុងយេសរាល ដើម្បីសួរសុខទុក្ខព្រះបាទយ៉ូរ៉ាមជាបុត្ររបស់ព្រះបាទអហាប់ ដោយសារព្រះបាទយ៉ូរ៉ាមបានត្រូវរបួស។