1 នៅពេលដែលព្រះបាទហេសេគាបានឮការរាយការណ៍របស់ពួកគេហើយ ស្តេចបានហែកសំលៀកបំពាក់ ស្លៀកបាវ ហើយបានចូលទៅក្នុងដំណាក់របស់ព្រះអម្ចាស់។ 2 ស្តេចចាត់លោកអេលាគីម ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង និងលោកសិបណា ជាស្មៀនហ្លួង ព្រមទាំងលោកបូជាចារ្យចាស់ៗ ដែលស្លៀកបាវទាំងអស់គ្នា ឲ្យទៅជួបព្យាការីអេសាយ ជាកូនរបស់លោកអេម៉ូស។ 3 ពួកគេបាននិយាយទៅគាត់ថា៖ «ព្រះបាទហេសេគាទូលថា៖ «ថ្ងៃនេះជាថ្ងៃមានទុក្ខ ជាថ្ងៃដែលយើងទទួលទណ្ឌកម្ម និងគ្មានព្រះគុណ ព្រោះទារកត្រូវកើត តែគ្មានកម្លាំងបង្កើតទេ។ 4 ព្រះអម្ចាស់ជាព្រះរបស់លោកប្រហែលជាបានឮគ្រប់ពាក្យដែលមេទ័ពនោះបាននិយាយមិនខាន គឺអ្នកដែលស្តេចស្រុកអាសសេុីរបានបញ្ជូនមកប្រឆាំងនឹងព្រះដ៏មានព្រះជន្មរស់ និងធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់លោកដាក់ទោសពួកគេដោយសារពាក្យដែលព្រះអម្ចាស់បានឮ។ ឥឡូវនេះ សូមលោកអធិស្ឋានសម្រាប់អ្នកដែលនៅសេសសល់នៅទីនេះផង»។ 5 ដូច្នេះ អ្នកបម្រើរបស់ព្រះបាទអេសេគាបានមកជួបលោកអេសាយ 6 ហើយលោកបាននិយាយទៅពួកគេថា៖ «ចូរប្រាប់ចៅហ្វាយរបស់អ្នកថា៖ «ព្រះអម្ចាស់មានបន្ទូលថា៖ «កុំឲ្យភ័យខ្លាចពាក្យដែលអ្នកបានឮឡើយ គឺពាក្យដែលអ្នកបម្រើរបស់ស្តេចស្រុកអាសសេុីរបានមើលងាយយើងនោះឡើយ។ 7 មើល យើងនឹងដាក់វិញ្ញាណក្នុងអ្នកនោះ ហើយអ្នកនោះនឹងឮការរាយការណ៍មួយ ហើយនឹងត្រឡប់ទៅទឹកដីរបស់គេវិញ។ យើងនឹងធ្វើឲ្យស្តេចនោះស្លាប់ដោយមុខដាវនៅក្នុងទឹកដីរបស់គេតែម្តង»។ 8 បន្ទាប់មក លោកមេទ័ពត្រឡប់ទៅវិញ ហើយឃើញថាស្តេចស្រុកអាសសេុីរវាយក្រុងលីបណា ព្រោះលោកបានឮថាស្តេចបានចេញពីក្រុងឡាគីសទៅ។ 9 បន្ទាប់មក ព្រះចៅសានហេរីបបានឮថាព្រះចៅទីរ៉ាកា ជាជនជាតិអេត្យូពី និងអេស៊ីបបានប្រមូលគ្នាប្រឆាំងនឹងទ្រង់ ដូច្នេះស្តេចក៏បានផ្ញើសារម្តងទៀតទៅព្រះបាទហេសេគា៖ 10 និយាយទៅកាន់ព្រះបាទហេសេគាជាស្តេចស្រុកយូដាថា៖ «កុំឲ្យព្រះរបស់ព្រះកុរណាជាព្រះដែលព្រះករុណាទុកចិត្តបញ្ឆោតព្រះករុណាឡើយដោយថា៖ «ក្រុងយេរូសាឡឹមនឹងមិនត្រូវធ្លាក់ក្នុងកណ្តាប់ដៃរបស់ស្តេចស្រុកអាសសេុីរទេ»។ 11 ឃើញទេ អ្នកបានឮពីអ្វីដែលស្តេចស្រុកអាសសេុីរបានធ្វើចំពោះទឹកដីទាំងអស់ដោយបំផ្លាញពួកគេទាំងស្រុង។ ដូច្នេះ តើព្រះករុណាអាចរួចខ្លួនឬ? 12 តើព្រះរបស់ជាតិសាសន៍នីមួួយៗអាចសង្រ្គោះពួកគេបាន គឺជាតិសាសន៍ដែលបិតាយើងបំផ្លាញមាន៖ នគរកូសាន ខារ៉ាន រេសែប និងក្រុងរបស់ពួកអេដែន នៅស្រុកធេឡាស៊ើរ? 13 តើស្តេចរបស់ក្រុងហាម៉ាត់ ក្រុងអើផាឌ ក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ានៅឯណា? 14 ព្រះបាទហេសេគាបានទទួលសំបុត្រនេះពីអ្នកនាំសារហើយទ្រង់បានអាន។ បន្ទាប់មក ព្រះអង្គឡើងទៅដំណាក់របស់ព្រះអម្ចាស់ ហើយបានលើករឿងនេះទូលទៅព្រះអង្គ។ 15 បន្ទាប់់មក ព្រះបាទហេសេគាបានអធិស្ឋានចំពោះព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់នៃជាព្រះនៃជាតិសាសន៍ ជាព្រះរបស់អ៊ីស្រាអែល គឺទ្រង់គង់នៅលើចេរូប៊ីម ព្រះអង្គជាព្រះតែមួយលើអាណាចក្រទាំងអស់នៅលើផែនដី។ ព្រះអង្គបង្កើតផ្ទៃមេឃ និងផែនដី។ 16 សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ ព្រះអម្ចាស់អើយ។ សូមបើកព្រះនេត្ររបស់ព្រះអង្គមើលព្រះអម្ចាស់អើយ ហើយស្តាប់នូវពាក្យរបស់សេនហារីប ដែលបានផ្ញើពាក្យមកប្រមាថព្រះជាម្ចាស់ដ៏មានព្រះជន្មរស់។ 17 ពិតមែនហើយ ព្រះអម្ចាស់អើយ ស្តេចអាសសេុីរបានបានបំផ្លាញជាតិសាសន៍នានា និងទឹកដីរបស់ពួកគេ។ 18 ពួកគេបានដុតព្រះរបស់អ្នកទាំងនោះ ដោយសារព្រះទាំងនោះមិនមែនជាព្រះទេ ប៉ុន្តែ គ្រាន់តែជាស្នារដៃរបស់មនុស្សប៉ុណ្ណោះ គឺគ្រាន់តែជាឈើ និងថ្ម។ ដូច្នេះ ពួកអាសសេុីរបានបំផ្លាញ។ 19 ឥឡូវ ព្រះអម្ចាស់ជាព្រះរបស់យើង សូមជួយយើងខ្ញុំដោយចេស្តាររបស់ព្រះអង្គផង ទូលបង្គំសូមអង្វរ ដូច្នេះអាណាចក្រទាំងអស់នៅលើផែនដីនឹងដឹងថាព្រះអម្ចាស់ជាព្រះតែមួយគត់»។ 20 បន្ទាប់មក លោកអេសាយជាកូនរបស់លោកអេម៉ូសផ្ញើសារទៅព្រះបាទហេសាគាថា៖ «ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «ដោយសារតែអ្នកអធិស្ឋានទៅយើងទាក់ទងនឹងសានហេរីបជាស្តេចអាសសេុីរ យើងបានឮហើយ។ 21 នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលមានបន្ទូលអំពីស្តេចនោះ៖ «ស្រីព្រហ្មចារីយ៍ក្រុងស៊ីយ៉ូននឹងមើលងាយអ្នក ហើយសើចចំអកដាក់អ្នក។ កូនស្រីក្រុងយេរូសាឡឹមនឹងគ្រវីក្បាលដាក់អ្នក។ 22 តើអ្នកមើលងាយ និងប្រមាថអ្នកណា? តើអ្នកស្រែកប្រឆាំងនឹងអ្នកណា ហើយអ្នកបានលើកភ្នែកអ្នកឡើងដោយអំនួត? គឺប្រឆាំងនឹងព្រះដ៏វិសុទ្ធរបស់អ៊ីស្រាអែល! 23 តាមរយៈអ្នកនាំពាក្យរបស់អ្នក អ្នកបានមើលងាយព្រះជាម្ចាស់ ហើយបាននិយាយថា៖ «ជាមួយនឹងរទេះចម្បាំងដ៏ច្រើនរបស់យើង យើងនឹងឡើងទៅលើភ្នំយ៉ាងខ្ពស់ យើងនឹងចូលទៅដល់ព្រៃជ្រៅនៅស្រុកលីបង់។ យើងនឹងកាប់ដើមតាត្រៅ និងជ្រើសរើសដើមកកោះនៅទីនោះ។ យើងនឹងចូលទៅទីជ្រៅបំផុត គឺព្រៃដែលមានផលច្រើនបំផុត។ 24 យើងបានជីកអណ្តូង ហើយបានផឹកទឹករបស់សាសន៍ដ៏ទៃ។ យើងបានធ្វើឲ្យទន្លេនៅស្រុកអេស៊ីបរីងនៅក្រោមបាតជើងរបស់យើង»។ 25 តើអ្នកមិនបានឮពីរបៀបដែលយើងកំណត់របស់ទាំងនេះតាំងពីយូយាណាស់មកហើយ នឹងបានធ្វើឲ្យវាសម្រេចតាំងពីបុរាណកាលមកទេឬ? ឥឡូវនេះយើងបានធ្វើឲ្យវាមានរូបរាងឡើង។ អ្នកមានវត្តមាននៅទីនេះដើម្បីកំទេចក្រុងទាំងឡាយឲ្យទៅជាគំនរឥដ្ឋ។ 26 អ្នកស្រុករបស់ពួកគេខ្សោយកំលាំង ភ័យខ្លាច ហើយអាម៉ាសមុខ។ ពួកគេបានដាំស្មៅនៅក្នុងវាលស្រែរបស់គេ គឺស្មៅនៅលើដំបូលផ្ទះ គឺងាប់មុនពេលដែលវាលូតលាស់ឡើង។ 27 ប៉ុន្តែ យើងដឹងថាអ្នកកំពុងអង្គុយចុះ អ្នកចេញក្រៅ អ្នកមក ហើយអ្នកកំពុងតែច្រឡោតខឹងនឹងយើង។ 28 ដោយសារតែអ្នកច្រឡោតខឹងនឹងយើង ហើយដោយសារតែពាក្យសំដីព្រហើនៗបានមកដល់ត្រចៀករបស់យើង យើងនឹងដាក់ក្រឡុសនៅច្រមុះរបស់អ្នក នឹងយកបង្ហៀរមកដាក់មាត់អ្នក ហើងនឹងឲ្យអ្នកទៅតាមផ្លូវដែលអ្នកមកនោះវិញ»។ 29 នេះជាសញ្ញាសម្រាប់អ្នក៖ នៅឆ្នាំនេះអ្នកនឹងបរិភោគអ្វីៗដែលដុះដោយឯងៗ ហើយនៅឆ្នាំទីពីរអ្នកនឹងបរិភោគផលដែលកើតពីនោះទៀត។ ប៉ុន្តែនៅឆ្នាំទីបីអ្នកត្រូវតែដាំដុះ និងច្រូតកាត់ ដាំដើមទំពាំងបាយជូរ និងបរិភោគផលរបស់វា។ 30 អ្នកដែលនៅក្នុងស្រុកយូដាដែលនៅសេសសល់ និងចាក់ឫសម្តងទៀត ហើយនឹងបង្កើតផល។ ព្រោះពីយេរូសាឡឹមនឹងមានអ្នកដែលនៅសេសសល់ចេញមក 31 ចេញពីភ្នំស៊ីយ៉ូនអ្នកដែលនៅរស់នឹងចេញមក។ អំណាចព្រះចេស្តារបស់ព្រះអម្ចាស់នៃពួកពលបរិវានឹងធ្វើការនេះ។ 32 ដូច្នេះ ព្រះអម្ចាស់បានមានបន្ទូលបែបនេះអំពីស្តេចអាសសេុីរថា៖ «ស្តេចនោះនឹងមិនមកក្នុងក្រុងនេះទៀតឡើយ ហើយគេក៏មិនបាញ់ព្រួញនៅទីនេះដែរ។ ហើយគេក៏មិនប្រើខែល ឬក៏ជីកស្នាមភ្លោះប្រឆាំងនឹងក្រុងនេះដែរ។ 33 ការដែលស្តេចនោះនឹងមក នឹងដូចជាការដែលគេចេញទៅដែរ ស្តេចនោះនឹងមិនចូលក្នុងក្រុងឡើយ នេះជាសេចក្តីប្រកាសរបស់ព្រះអម្ចាស់»។ 34 ព្រោះយើងនឹងការពារក្រុងនេះ ហើយសង្រ្គោះក្រុងនេះ ដោយយល់ដល់ព្រះនាមយើង និងយល់ដល់ព្រះបាទដាវីឌជាអ្នកបម្រើរបស់យើង។ 35 នៅយប់នោះ ទេវាតារបស់ព្រះអម្ចាស់បានចេញទៅវាយប្រហារជំរំរបស់ពួកអាសសេុីរ បានសម្លាប់ទាហាន ១៨៥,០០០នាក់។ នៅពេលដែលគេក្រោកនៅពេលព្រឹក នោះមានសាកសពនៅគ្រប់ទីកន្លែង។ 36 ដូច្នេះ ព្រះបាទសេនហារីបជាស្តេចអាសសេុីរបានចាកចេញពីអ៊ីស្រាអែល ហើយបានត្រឡប់ទៅផ្ទះវិញ ហើយបានស្នាក់នៅក្រុងនីនីវេ។ 37 ក្រោយមកទៀតនៅពេលដែលស្តេចកំពុងថ្វាយបង្គំព្រះនីសរ៉ុកជាព្រះរបស់ទ្រង់ អ័ឌរ៉ាម៉ាឡេក និងសារេស៊ើរបានសម្លាប់ទ្រង់ដោយដាវ។ បន្ទាប់មក ពួកគេបានរត់ទៅទឹកដីអារ៉ារ៉ាត។ បន្ទាប់មក ព្រះបាទអេសារ-ហាដោនជាបុត្ររបស់ទ្រង់ ឡើងស្នងរាជ្យបន្ត។