ជំពូក ១
1
ក្រោយពេលដែលព្រះបាទអហាប់បានសោយទិវង្គតទៅ ជនជាតិម៉ូអាប់បានបះបោរប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។
2
បន្ទាប់មក ព្រះបាទអហាស៊ីយ៉ាបានធ្លាក់ពីលើរានហាលខាងលើនៅស្រុកសាម៉ារី ហើយមានរបួសជាទំងន់។ ដូច្នេះ ស្តេចបានបញ្ជូនអ្នកនាំសារ ហើយនិយាយទៅកាន់ពួកគេថា៖ «សូមទៅសួរបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនមើល ថាតើយើងនឹងបានជាពីបួសនេះឬទេ»។
3
ប៉ុន្តែ មានទេវតារបស់ព្រះអម្ចាស់មួយរូបបានមានប្រសាសន៍មកលោកអេលីយ៉ាជាអ្នកស្រុកធេសប៊ីថា៖ «ចូរក្រោកឡើង ចូរឡើងទៅដើម្បីជួបជាមួយអ្នកនាំសាររបស់ស្តេចស្រុកសាម៉ារី ហើយសួរពួកគេថា៖ «តើគ្មានព្រះនៅស្រុកអ៊ីស្រាអែលទេឬ បានជាអ្នករាល់គ្នាទៅសុំយោបល់ពីព្រះបាល-សេប៊ូបជាព្រះរបស់ក្រុងអេក្រូនដូច្នេះ?
4
ដូច្នេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អ្នកនឹងមិនអាចក្រោកពីគ្រែដែលអ្នកដេកនោះបានទេ អ្នកនឹងស្លាប់មិនខាន»។ បន្ទាប់មក លោកអេលីយ៉ាក៏ចេញទៅ។
5
នៅពេលដែលអ្នកនាំសារបានត្រឡប់ទៅជួបព្រះបាទអហាស៊ីយ៉ាវិញ ស្តេចបានរាជឱង្ការសួរថា៖ «ហេតុអ្វីបានជាអ្នកត្រឡប់មកវិញដូច្នេះ»?
6
ពួកគេបានទូលស្តេចថា៖ «មានបុរសម្នាក់បានមកជួបពួកយើង លោកបាននិយាយជាមួយយើងថា៖ «ចូរត្រឡប់ទៅស្តេចដែលបានបញ្ជូនអ្នកវិញទៅ ហើយទូលទ្រង់ថា៖ «ព្រះអម្ចាស់ទូលថា៖ «តើគ្មានព្រះនៅស្រុកអ៊ីស្រាអែលទេឬ បានជាអ្នកទៅសុំយោបល់ពីព្រះបាល-សេប៊ូបជាព្រះរបស់ក្រុងអេក្រូនដូច្នេះ? ដូច្នេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អ្នកនឹងមិនអាចក្រោកពីគ្រែដែលអ្នកដេកនោះបានទេ អ្នកនឹងស្លាប់មិនខាន»។
7
ព្រះបាទអស៊ីយ៉ាបានទូលទៅអ្នកនាំសារថា៖ «តើបុរសដែលបានឡើងមកជួបអ្នករាល់គ្នា ហើយបាននិយាយពាក្យទាំងនេះជាមួយអ្នកទាំងអស់គ្នា តើគាត់ជាមនុស្សប្រភេទណា»?
8
ពួកគេបានទូលស្តេចវិញថា៖ «លោកបានពាក់អាវរោមសត្វ ហើយមានខ្សែក្រវ៉ាត់ស្បែកនៅនឹងចង្កេះរបស់លោក»។ ដូច្នេះ ស្តេចមានរាជឱង្ការតបវិញថា៖ «នោះគឺលោកអេលីយ៉ា ជាអ្នកស្រុកធេសប៊ី»!
9
បន្ទាប់មក ស្តេចបានបញ្ជូនមេទ័ពជាមួយទាហានហាសិបនាក់ទៅជួបលោកអេលីយ៉ា។ លោកមេទ័ពបានឡើងទៅជួបលោកអេលីយ៉ា នៅកន្លែងដែលលោកបានអង្គុយគឺនៅលើកំពូលភ្នំ។ លោកមេទ័ពបាននិយាយទៅលោកថា៖ «លោកជាអ្នកបម្រើរបស់ព្រះជាម្ចាស់អើយ ស្តេចមានរាជឱង្ការថា៖ «សូមអញ្ជើញចុះមក»។
10
លោកអេលីយ៉ាឆ្លើយតបទៅលោកមេទ័ពថា៖ «បើខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់មែន សូមឲ្យមានភ្លើងធ្លាក់ពីលើមេឃមក ឆេះបំផ្លាញលោក និងទាហានហាសិបនាក់នេះចុះ»។ បន្ទាប់មក ក៏មានភ្លើងធ្លាក់ចុះពីលើមេឃមក ឆេះបំផ្លាញមេទ័ព និងទាហានហាសិបនាក់នោះមែន។
11
បន្ទាប់មក ព្រះបាទអហ៊ីយ៉ាបានចាត់មេទ័ពម្នាក់ទៀតទៅជួបលោកអេលីយ៉ា និងទាហានហាសិបនាក់ទៅជាមួយ។ លោកមេទ័ពនោះក៏បាននិយាយទៅកាន់លោកអេលីយ៉ាដែរថា៖ «លោកជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ស្តេចមានរាជឱង្ការថា៖ «សូមចុះមកជាប្រញាប់»។
12
លោកអេលីយ៉ាបានឆ្លើយជាមួយពួកគេថា៖ « បើខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់មែន សូមឲ្យមានភ្លើងធ្លាក់ពីលើមេឃមក ឆេះបំផ្លាញលោក និងទាហានហាសិបនាក់នេះចុះ»។ បន្ទាប់មក ក៏មានភ្លើងធ្លាក់ចុះពីលើមេឃមក ឆេះបំផ្លាញមេទ័ព និងទាហានហាសិបនាក់នោះម្តងទៀត។
13
បន្ទាប់មក ស្តេចបានបញ្ជូនក្រុមទីបីដែលមានទាហានហាសិបនាក់ទៅទៀត។ លោកមេទ័ពនេះបានឡើងទៅ គាត់បានលុតជង្គង់នៅចំពោះលោកអេលីយ៉ា ហើយអង្វរលោក ហើយបាននិយាយថា៖ «លោកដែលជាអ្នកបម្រើរបស់ព្រះអម្ចាស់អើយ សូមឲ្យជីវិតរបស់ខ្ញុំ និងជីវិតរបស់អ្នកបម្រើហាសិបនាក់របស់លោកមានតម្លៃចំពោះភ្នែកលោកផង។
14
ពេលមុនមានភ្លើងធ្លាក់ពីលើមេឃមកហើយបានឆេះបំផ្លាញលោកមេទ័ពទាំងពីរដែលមកមុនខ្ញុំ តែឥឡូវនេះសូមឲ្យជីវិតរបស់ខ្ញុំមានតម្លៃចំពោះមុខលោកផង»។
15
ទេវតារបស់ព្រះអម្ចាស់បាននិយាយទៅលោកអេលីយ៉ាថា៖ «សូមចុះទៅជាមួយគាត់ទៅ។ កុំឲ្យខ្លាចគាត់ឡើយ»។ ដូច្នេះ លោកអេលីយ៉ាបានក្រោកឡើង ហើយបានចុះទៅជាមួយគាត់ទៅជួបស្តេច។
16
ក្រោយមកលោកអេលីយ៉ាបានទូលទៅព្រះបាទអហ៊ីយ៉ាថា៖ «នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់៖ «ព្រះករុណាបានបញ្ជូនអ្នកនាំសារទៅសុំយោបល់ពីបាល-សេប៊ូល ជាព្រះរបស់ក្រុងអេក្រុន។ តើនៅស្រុកអ៊ីស្រាអែលមិនមានព្រះដែលព្រះករុណាអាចសុំពត៌មានបានទេឬ? ដូច្នេះ ឥឡូវនេះ ព្រះករុណានឹងមិនអាចចុះពីលើគ្រែរបស់អ្នក ដែលព្រះករុណាបានឡើងទៅនោះបានទេ ព្រះករុណាមុខជាសោយទិវង្គតមិនខាន»។
17
ដូច្នេះ ស្តេចអហាស៊ីយ៉ាបានសុគតស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលលោកអេលីយ៉ាបានថ្លែងមែន។ ព្រះបាទយ៉ូរ៉ាមបានឡើងសោយរាជ្យបន្តពីស្តេច នៅក្នុងឆ្នាំទីពីរនៃរាជ្យរបស់ព្រះបាទយ៉ូសាផាត ស្ដេចស្រុកយូដា។ ព្រោះព្រះបាទអហាស៊ីយ៉ាគ្មានបុត្រទេ។
18
រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទអហាស៊ីយ៉ា តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចអ៊ីស្រាអែលទេឬ?