ជំពូក ១
1
នៅពេលដែលស្តេចដាវីឌកាន់តែចាស់ជរាទៅ គេបានដណ្តប់ភួយឲ្យទ្រង់ ប៉ុន្តែ មិនបានធ្វើឲ្យទ្រង់កក់ក្តៅទេ។
2
ដូច្នេះ អ្នកបម្រើរបស់ស្តេចបានទូលទៅកាន់ទ្រង់ថា៖ «ចូរយើងរកស្រីព្រហ្មចារីវ័យក្មេងម្នាក់ថ្វាយស្តេចជាចៅហ្វាយរបស់យើង។ ចូរឲ្យនាងបម្រើ និងមែលថែស្តេច។ ចូរឲ្យនាងដេកនៅក្នុងរង្វង់ដៃស្តេច ដូច្នេះ ស្តេចជាចៅហ្វាយរបស់យើងនឹងបានកក់ក្តៅ»។
3
ដូច្នេះ គេបានរកស្រីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ដែលមាននៅក្នុងទឹកដីអ៊ីស្រាអែល។ ពួកគេរកបាននាងអប៊ីសាកជាអ្នកភូមិស៊ូណែម ហើយបាននាំនាងមកថ្វាយស្តេច។
4
នាងមានរូបឆោមស្រស់ស្អាតណាស់។ នាងបានបម្រើ និងថែរក្សាស្តេច ប៉ុន្តែ ស្តេចមិនបានរួមរស់ជាមួយនាងទេ។
5
នៅពេលនោះសម្តេចអដូនីយ៉ាជាកូនរបស់នាងហាគីត បានលើកខ្លួនឡើងដោយនិយាយថា៖ «ខ្ញុំនឹងក្លាយជាស្តេច»។ ដូច្នេះ គាត់ក៏បានរៀបចំរទេះសេះ និងអ្នកជិះសេះដែលមានអ្នករត់ពីមុខគាត់ហាសិបនាក់។
6
ឪពុករបស់គាត់មិនដែលបន្ទោសគាត់ដោយថា៖ «ហេតុអ្វីបានជាកូនធ្វើនេះ ឬធ្វើនោះឡើយ»? សម្តេចអដូនីយ៉ាក៏ជាបុរសសង្ហាម្នាក់ ដែលកើតបន្ទាប់ពីសម្តេចអាប់សាឡុម។
7
សម្តេចបានពិភាក្សាជាមួយលោកយ៉ូអាប់ ជាកូនរបស់លោកសេរូយ៉ា និងជាមួយលោកបូជាចារ្យអបៀថើរ។ ពួកគេបានតាមសម្តេចអដូនីយ៉ា ហើយបានជួយគាត់។
8
ប៉ុន្តែ លោកបូជាចារ្យសាដុក លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ព្យាការីណាថាន លោកស៊ីម៉ៃ លោករេអ៊ី និងពួកបុរសដ៏អង់អាចរបស់ព្រះបាទដាវីឌ មិនបានដើរតាមសម្តេចអដូនីយ៉ាទេ។
9
សម្តេចអដូនីយ៉ាបានថ្វាយចៀម គោឈ្មោល និងកូនគោបំប៉ន នៅថ្មសូហេលែត ដែលនៅក្រោយអេនរូកែល។ សម្តេចបានយាងព្រះរាមគឺបុត្រាទាំងអស់របស់ស្តេច និងបានអញ្ជើញអ្នកបម្រើរបស់ស្តេចទាំងអស់នៅស្រុកយូដាទាំងមូលផង។
10
ប៉ុន្តែ សម្តេចមិនអញ្ជើញព្យាការីណាថាន លោកបេណាយ៉ា ពួកបុរសដ៏អង់អាច និងសម្តេចសាឡូម៉ូន ជាអនុជរបស់ស្តេចមកចូលរួមឡើយ។
11
បន្ទាប់មក លោកណាថានបានទូលទៅព្រះនាងបេតសេបាជាមាតារបស់សម្តេចសាឡូម៉ូនថា៖ «តើព្រះនាងមិនបានឮថាសម្តេចអដូនីយ៉ាជាប្រុសរបស់ព្រះនាងហាគីតបានក្លាយជាស្តេចទាំងស្តេចដាវីឌជាចៅហ្វាយរបស់យើងមិនបានដឹងរឿងនេះទេឬអី?
12
ដូច្នេះ ទូលបង្គំសូមឲ្យយោបល់ដល់ព្រះនាង ដើម្បីឲ្យព្រះនាងអាចរក្សាជីវិតរបស់ព្រះនាង និងបុត្ររបស់ព្រះនាងសាឡូម៉ូនបាន។
13
ចូរចូលទៅគាល់ស្តេចដាវីឌ ហើយទូលទ្រង់ថា៖ «ស្តេចដ៏ជាចៅហ្វាយ តើព្រះអង្គមិនបានស្បថនឹងអ្នកបម្រើរបស់ព្រះអង្គទេថា៖ «សម្តេចសាឡូម៉ូនជាបុត្ររបស់ព្រះនាងនឹងឡើងសោយរាជ្យបន្តពីយើង ហើយបុត្រនេះនឹងគង់លើបល្ល័ងយើងទេឬអី? តើហេតុអ្វីបានជាសម្តេចអដូនីយ៉ាឡើងសោយរាជ្យទៅវិញ?
14
ក្នុងពេលដែលនាងកំពុងទូលទៅស្តេច ទូលបង្គំនឹងនៅក្រោយព្រះនាង និងទូលពាក្យនេះឡើងម្តងទៀត»។
15
ដូច្នេះ ព្រះនាងបាតសេបាបានទៅដំណាក់របស់ស្តេច។ ស្តេចកាន់តែជរាណាស់ហើយ ហើយព្រះនាងអប៊ីសាក ជាអ្នកភូមិស៊ូណែមកំពុងបម្រើស្តេច។
16
ព្រះនាងបាតសេបាបានក្រាប និងថ្វាយបង្គំនៅមុខស្តេច។ បន្ទាប់មក ស្តេចសួរថា៖ «តើនាងចង់បានអ្វី»?
17
ព្រះនាងក៏ទូលស្តេចថា៖ «ព្រះករុណា ព្រះអង្គបានស្បថនឹងអ្នកបម្រើរបស់ព្រះអង្គដោយមានព្រះអម្ចាស់ជាព្រះរបស់ព្រះអង្គជាសាក្សីថា៖ «សម្តេចសាឡូម៉ូនជាបុត្ររបស់ព្រះនាងនឹងឡើងសោយរាជ្យបន្តពីយើង ហើយបុត្រនោះនឹងគង់លើបល្ល័ង្កយើង»។
18
ឥឡូវនេះ មើលចុះ សម្តេចអដូនីយ៉ាគឺជាស្តេចហើយ ហើយព្រះអង្គដែលជាស្តេចមិនបានដឹងរឿងនេះនៅឡើយ។
19
សម្តេចអដូនីយ៉ាបានថ្វាយគោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើន និងបានអញ្ជើញបុត្រទាំងអស់របស់ស្តេច លោកបូជាចារ្យយអបៀថើរ និងលោកមេទ័ពយ៉ូអាប់ តែលោកពុំបានយាងសម្តេចសាឡូម៉ូនជាអ្នកបម្រើរបស់ព្រះអង្គឲ្យចូលរួមទេ។
20
សម្រាប់ព្រះអង្គវិញ លោកម្ចាស់ ភ្នែករបស់ប្រជាជនអ៊ីស្រាអែលគឺសម្លឹងមកលើព្រះអង្គ រង់ចាំឲ្យព្រះអង្គប្រាប់ពួកគេ ថាតើនរណានឹងត្រូវគង់លើបល្ល័ងបន្តពីព្រះអង្គ។
21
ម៉្យាងវិញទៀងវានឹងកើតឡើង នៅពេលដែលស្តេចសោយទីវង្គតជាមួយបិតារបស់ស្តេច គេនឹងចាត់ទុកនាងខ្ញុំ និងកូនរបស់នាងខ្ញុំសាឡូម៉ូនជាឧក្រិដ្ឋជនមិនខាន។
22
នៅពេលដែលព្រះនាងកំពុងទូលស្តេចនៅឡើយ លោកព្យាការីណាថានក៏ចូលមកដល់។
23
អ្នកបម្រើរបស់ស្តេចទូលស្តេចថា៖ «លោកព្យាការីណាថាននៅទីនេះ»។ នៅពេលដែលលោកចូលមកចំពោះស្តេច លោកបានគោរពស្តេចដោយឱនមុខដល់ដីនៅចំពោះស្តេច។
24
លោកណាថានទូលថា៖ «ស្តេចដ៏ជាចៅហ្វាយរបស់ទូលបង្គំអើយ តើព្រះអង្គធ្លាប់មានបន្ទូលថា៖ «សម្តេចអដូនីយ៉ានឹងគ្រងរាជតពីយើង ហើយសម្តេចអដូនីយ៉ានឹងគង់លើបល្ល័ងយើងដែរឬទេ»?
25
នៅថ្ងៃនេះ សម្តេចអដូនីយ៉ាបានចុះទៅ ហើយបានថ្វាយគោឈ្មោល កូនគោបំប៉ន និងចៀមជាច្រើន ហើយក៏បានអញ្ជើញបុត្រាទាំងឡាយរបស់ស្តេច ពួកមេទ័ព និងលោកបូជាចារ្យអបៀថើរ ទៅចូលរួមផង។ ពួកគេទាំងអស់បានបរិភោគ និងផឹកស្រាស្រវឹងនៅចំពោះមុខសម្តេច និងទូលថា៖ «សូមឲ្យស្តេចអដូនីយ៉ាមានព្រះជន្មយឺនយូ»!
26
ប៉ុន្តែ សម្រាប់ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ លោកបូជាចារ្យសាដុក លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា និងអ្នកបម្រើរបស់ព្រះអង្គសម្តេចសាឡូម៉ូន គឺសម្តេចមិនបានអញ្ជើញពួកយើងទេ។
27
តើព្រះករុណាបានធ្វើការនេះដោយមិនបានប្រាប់ដល់យើងជាអ្នកបម្រើរបស់ព្រះអង្គឬ តើនរណាគួរអង្គុយលើបល្ល័ង្កតពីព្រះអង្គ»?
28
បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការថា៖ «សូមហៅព្រះនាងបាតសេបាឲ្យត្រឡប់មកជួបយើងវិញ»។ ព្រះនាងក៏បានចូលមកគាល់ស្តេច ហើយបានឈរនៅមុខស្តេចផង។
29
ស្តេចបានស្បថដោយមានរាជឱង្ការថា៖ «ព្រះអម្ចាស់មានព្រះជន្មរស់ គឺព្រះអង្គបានរំដោះយើងចេញពីបញ្ហា
30
ដូចដែលយើងបានសន្យាជាមួយព្រះនាងដោយនូវព្រះនាមព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលថា៖ «សាឡូម៉ូនជាបុត្ររបស់ព្រះនាងនឹងសោយរាជ្យបន្តពីយើង ហើយបុត្រនេះនឹងគង់លើបល្ល័ងរបស់យើង យើងនឹងធ្វើនៅថ្ងៃនេះ»។
31
បន្ទាប់មក ព្រះនាងបាតសេបាក៏បានឱនមុខដល់ដីនៅចំពោះមុខស្តេចហើយទូលថា៖ «សូមឲ្យស្តេចដ៏ជាចៅហ្វាយមានព្រះជន្មគង់នៅរៀងរហូត»!
32
ព្រះបាទដាវីឌមានរាជឱង្ការថា៖ «សូមហៅលោកបូជាចារ្យសាដុក លោកព្យាការីណាថាន និងលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាមកជួបយើង»។ ដូច្នេះពួកគេក៏មកគាល់ស្តេច។
33
ស្តេចមានបន្ទូលទៅពួកគេថា៖ «សូមប្រមូលអ្នកបម្រើរបស់ចៅហ្វាយអ្នកទៅជាមួយអ្នករាល់គ្នា ហើយឲ្យសាឡូម៉ូនជិះលើលារបស់យើង ហើយដង្ហែទៅប្រភពទឹកគីហុន។
34
សូមឲ្យលោកបូជាចារ្យសាដុក លោកព្យាការីណាថានចាក់ប្រេងតាំងតែសាឡូម៉ូនជាស្តេចលើសាសន៍អ៊ីស្រាអែល ហើយផ្លុំត្រែ និងប្រកាសថា៖ «សូមឲ្យស្តេចសាឡូម៉ូនមានព្រះជន្មយឺនយូរ»!
35
បន្ទាប់មក អ្នកត្រូវដើរតាមក្រោយបុត្រនោះ ហើយបុត្រនោះនឹងគង់លើបល្ល័ង្ករបស់យើង ហើយបុត្រនោះនឹងក្លាយជាស្តេចជំនួសយើង។ យើងបានតែងតាំងបុត្រនោះឲ្យគ្រប់គ្រងលើអ៊ីស្រាអែល និងយូដាទាំងមូល»។
36
លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាបានទូលទៅស្តេចវិញថា៖ «ចូរឲ្យការនេះបានសម្រេចចុះ! សូមឲ្យព្រះអម្ចាស់ ជាព្រះរបស់ស្តេចដ៏ជាចៅហ្វាយបានឲ្យការនេះកើតឡើង។
37
សូមឲ្យព្រះអម្ចាស់គង់នៅជាមួយស្តេចសាឡូម៉ូន ដូចព្រះអង្គបានគង់ជាមួយព្រះករុណាដែរ និងធ្វើឲ្យបល្ល័ង្ករបស់សាឡូម៉ូនប្រសើរជាងបល្ល័ង្ករបស់ព្រះករុណាទៅទៀត»។
38
ដូច្នេះ លោកបូជាចារ្យសាដុក ព្យាការីណាថាន និងលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ព្រមទាំងពួកកេរេធីម និងពួកពេលេធីមចេញទៅ ហើយឲ្យស្តេចសាឡូម៉ូនគង់លើលារបស់ស្តេចដាវីឌ ពួកគេបាននាំសម្តេចទៅប្រភពទឹកគីហុន។
39
លោកបូជាចារ្យសាដុកបានយកស្នែងដែលមានពេញដោយប្រេងចេញពីជំរំ ហើយចាក់ប្រេងអភិសេកលេីស្តេចសាឡូម៉ូន។
40
បន្ទាប់មក គេក៏បានផ្លុំត្រែ ហើយមនុស្សទាំងអស់ស្រែកឡើងថា៖ «សូមស្តេចមានព្រះជន្មយឺនយូ»! បន្ទាប់មក មនុស្សជាច្រើនដើរតាមក្រោយស្តេច ហើយមានអ្នកផ្លុំខ្លុយ ហើយពួកគេមានអំណរដ៏ពោរពេញ ធ្វើឲ្យផែនដីញាប់ញ័រដោយសារសម្លេងរបស់ពួកគេ។
41
សម្តេចអដូនីយ៉ា និងភ្ញៀវដែលនៅជាមួយសម្តេចបានឮរឿងនេះក្រោយពីពួកគេបានបញ្ចប់ការជប់លៀង។ នៅពេលដែលលោកយូអាប់បានឮសម្លេងត្រែ លោកនិយាយថា៖ «ហេតុអ្វីបានជាមានសម្លេងអឺងកងនៅក្នុងក្រុងដូច្នេះ»?
42
នៅពេលដែលលោកកំពុងនិយាយនៅឡើយ លោកយ៉ូណាថាន ជាកូនរបស់លោកអបៀថើរបានចូលមក។ សម្តេចអដូនីយ៉ានិយាយថា៖ «សូមអញ្ជើញមក បើអ្នកជាមនុស្សអង់អាច និងនាំដំណឹងល្អមកមែន»។
43
លោកយ៉ូណាថានបានឆ្លើយទៅសម្តេចអដូនីយ៉ាថា៖ «ស្តេចដាវីឌជាចៅហ្វាយរបស់យើងបានលើកសាឡូម៉ូនជាស្តេចហើយ
44
ហើយស្តេចបានបញ្ជូនបូជាចារ្យសាដុកទៅជាមួយលោកព្យាការីណាថាន និងលោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដា ព្រមទាំងពួកកេរេធីម និងពេលេធីម។ ពួកគេបានឲ្យសម្តេចសាឡូម៉ូនជិះលារបស់ស្តេចដាវីឌ។
45
លោកបូជាចារ្យសាដុក និងព្យាការីណាថាន បានចាក់ប្រេងអភិសេកសម្តេចសាឡូម៉ូនជាស្តេចនៅប្រភពទឹកស៊ីហុន ហើយបានចេញពីទីនោះមកវិញដោយអំណរ ដូច្នេះហើយ បានជាក្រុងទាំងមូលឮសម្លេងអឺងកង។ នេះជាសម្លេងដែលសម្តេចបានឮ។
46
សម្តេចសាឡូម៉ូនក៏បានគង់លើបល្ល័ង្ករាជ្យដែរ។
47
លើសពីនេះទៅទៀត អ្នកបម្រើរបស់ស្តេចបានមកឲ្យពរដល់ស្តេចដាវីឌ ដោយនិយាយថា៖ «សូមឲ្យព្រះរបស់ស្តេចបានធ្វើឲ្យព្រះនាមរបស់សាឡូម៉ូនប្រសើរជាងនាមរបស់ព្រះអង្គ និងឲ្យបល្ល័ង្ករបស់បុត្រនេះប្រសើរជាងបល្ល័ង្ករបស់ព្រះអង្គដែរ។ បន្ទាប់មកស្តេចក៏បានថ្វាយបង្គំដល់គ្រែ។
48
ស្តេចក៏បានទូលថា៖ «សូមឲ្យព្រះអម្ចាស់បានពរ គឺព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលបានឲ្យមនុស្សបានគង់លើបល្ល័ង្ករបស់់ទូលបង្គំនៅថ្ងៃនេះ ហើយឲ្យភ្នែករបស់ទូលបង្គំផ្ទាល់បានឃើញការនេះ»។
49
បន្ទាប់មក ភ្ញៀវទាំងអស់របស់សម្តេចអដូនីយ៉ាក៏មានភាពភ័យខ្លាច។ ពួកគេបានក្រោកឡើង ហើយម្នាក់ៗទៅតាមផ្លូវរបស់គេរៀងៗខ្លួន។
50
សម្តេចអដូនីយ៉ាភ័យខ្លាចសម្តេចសាឡូម៉ូន ហើយបានក្រោកឡើង រួចចេញទៅ និងបានតោងស្នែងរបស់អាសនាជាប់។
51
បន្ទាប់មក មានគេមកប្រាប់សម្តេចសាឡូម៉ូនថា៖ «ឃើញទេ សម្តេចអដូនីយ៉ាបានភ័យខ្លាចសម្តេចសាឡូម៉ូនយ៉ាងខ្លាំង គឺគាត់បានតោងស្នែងរបស់អាសនា ហើយមានរាជឱង្ការថា៖ «ចូរឲ្យស្តេចសាឡូម៉ូនស្បថនឹងទូលបង្គំសិនមកថា ព្រះអង្គនឹងមិនធ្វើគត់អ្នកបម្រើរបស់ទ្រង់នឹងដាវឡើយ»។
52
ព្រះបាទសាឡូម៉ូនបានទូលថា៖ «បើសម្តេចបង្ហាញថា ទ្រង់ជាមនុស្សសក្តិសមនឹងគោរពមែន នោះគ្មានសក់មួយសរសៃរបស់ទ្រង់ណានឹងត្រូវជ្រុះទៅដីឡើយ ប៉ុន្តែ បើរកឃើញថាទ្រង់បានប្រព្រឹត្តអំពើអាក្រក់វិញ នោះទ្រង់ត្រូវសុគត»។
53
ដូច្នេះ ព្រះបាទសាឡូម៉ូនបានចាត់គេទៅនាំសម្តេចអដូនីយ៉ាចុះពីអាសនាមក។ សម្តេចបានមក ហើយថ្វាយបង្គំព្រះបាទសាឡូម៉ូន រួចស្តេចមានរាជឱង្ការទៅគាត់ថា៖ «ទៅដំណាក់របស់ទ្រង់ទៅ»។