ជំពូក ២

1 ក្រោយមកមានថ្ងៃ​មួយ ពេលពួក​កូនព្រះជាម្ចាស់ ​នាំ​គ្នា​ចូល​មកក្នុងព្រះវត្តមាន ​គាល់​ព្រះ‌អម្ចាស់។ ​សាតាំង​ក៏​មក​គាល់​ព្រះអង្គ​ជា​មួយ​ពួក​គេនៅចំពោះព្រះអម្ចាស់​ដែរ។ 2 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់សាតាំង​ថា៖ «តើ​ឯងទើប​មក​ពី​ណា?» សាតាំង​ទូល​ឆ្លើយព្រះអម្ចាស់ថា៖ «ទូលបង្គំ​ទើប​នឹងមកពី​ដើរ​​ជុំ‌វិញ​ផែនដី ទៅពេញគ្រប់កន្លែងទាំងអស់»។ 3 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​​សាតាំង​ថា៖ «តើ​អ្នក​សង្កេត​ឃើញ​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឬ​ទេ? នៅ​លើ​ផែនដី​នេះ គ្មាន​នរណា​ម្នាក់​ដូច​យ៉ូប​ឡើយ គេ​ជា​មនុស្ស​ទៀង​ត្រង់ និង​រកកន្លែងបន្ទោសគ្មាន ​កោត​ខ្លាច​ព្រះជាម្ចាស់ ហើយបែរចេញពីការអាក្រក់។ យ៉ូប​នៅ​តែស្មោះត្រង់​ជានិច្ច ទោះឯង​ចង់​ឲ្យ​យើង​បំផ្លាញ​គេ ដោយ​ឥត​ហេតុ​ផលក៏ដោយ»។ 4 ​សាតាំង​ទូលឆ្លើយ​ព្រះ‌អម្ចាស់​ថា៖ «ស្បែក​ទល់​ស្បែក មនុស្ស​សុខ​ចិត្ត​ប្រគល់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន ដើម្បី​ឲ្យ​រួច​ជីវិត។ 5 សូមលូក​ព្រះហស្ថធ្វើ​ឲ្យ​រូប​កាយ​គាត់​ឈឺ​ចាប់​ នោះ​គាត់​មុខ​ជា​ប្រមាថ​ព្រះអង្គ​មិន​ខាន»។ 6 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​​សាតាំង​ថា៖ «មើល! យ៉ូប​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ស្រាប់​ហើយ តែ​ធ្វើ​យ៉ាង​ណា​ក៏​ដោយ កុំ​ប៉ះ‌ពាល់​ដល់​ជីវិត​គេ​ឲ្យ​សោះ»។ 7 ក្រោយមក ​សាតាំង​ចាក​ចេញ​ពីព្រះវត្តមាន​ព្រះ‌អម្ចាស់​ទៅ។ ហើយ​សាតាំងក៏ធ្វើ​ឲ្យ​លោក​យ៉ូប​កើត​ដំបៅ​រីក​ពេញ​ខ្លួន គឺ​ចាប់​ពី​ចុង​ជើង​រហូត​ដល់​ក្បាល។ 8 លោក​យ៉ូប​អង្គុយ​នៅ​ក្នុង​ផេះ ហើយ​យក​អំបែង​ឆ្នាំង​មក​កោស​ខ្លួន។ 9 ប្រពន្ធរបស់លោកយ៉ូបពោល​ថា៖ «តើ​បង​នៅ​តាំង​ខ្លួន​ជា​មនុស្ស​ទៀង​ត្រង់​ទៀតឬ? សូម​ប្រមាថ​ព្រះ‌ជាម្ចាស់ ហើយ​ស្លាប់​ទៅ​»។ 10 លោក​យ៉ូប​តប​ថា៖ «អូន​និយាយ​ដូច​ជា​ស្រី​មិន​ដឹង​ខុស​ត្រូវ។ តើយើង​​ទទួលតែការល្អពីព្រះជាម្ចាស់ ហើយមិនអាចទទួលអ្វីដែលអាក្រក់ឬ?» នៅក្នុងបញ្ហាទាំងអស់នេះ លោកយ៉ូបមិនបានធ្វើបាបជាមួយអណ្តាតរបស់គាត់ទេ។ 11 មិត្ត‌ភក្ដិ​បី​នាក់​របស់​លោក​យ៉ូប បាន​ឮ​ដំណឹង​ពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ចំពោះ​លោក ពួក​គេ​ចាក​ចេញ​ពី​ទឹកដីរៀងៗ​ខ្លួន អ្នក​ទាំង​នោះ គឺ​លោក​អេលី‌ផាស​ជា​ជនជាតិ​ថេម៉ាន លោក​ប៊ីល‌ដាដ​ជា​ជនជាតិ​ស៊ូអា និង​លោក​សូផារ​ជាជនជាតិណា‌អាម៉ា។ ពួកគេរៀបចំពេលដើម្បីមក ​ជួយ​លើក​ទឹក​ចិត្ត​លោក។ 12 ពេល​ក្រឡេក​ពី​ចម្ងាយ អ្នក​ទាំង​បី​មើល​លោក​យ៉ូប​លែង​ស្គាល់​ទៀត​ហើយ។ ដូច្នេះ ពួក​គេ​នាំ​គ្នា​ទ្រហោ​យំ ហែក​អាវ​ធំ​របស់​ខ្លួន និង​យក​ធូលី​ដី​បាច​នៅ​លើ​ក្បាល។ 13 អ្នក​ទាំង​បី​អង្គុយ​ផ្ទាល់​នឹង​ដី​ជា​មួយ​លោក អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ប្រាំ‌ពីរ​យប់។ គ្មាននិយាយ​អ្វី​មួយ​ម៉ាត់​ទៅ​កាន់​លោក​ឡើយ ព្រោះ​ពួក​គេ​ឃើញ​លោក​ឈឺ​ចាប់​ជាខ្លាំងពេក។