ជំពូកទី១

1 នេះគឺជាសេចក្តីប្រកាសដែលឲ្យព្យាការីហាបាគូកបានឃើញ 2 «ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវស្រែកឲ្យព្រះអង្គជួយដល់ពេលណាទៅ តើព្រះអម្ចាស់បានឮទូលបង្គំទេ? ទូលបង្គំស្រែកដល់ព្រះអម្ចាស់ដោយក្តីរន្្ធត់ «អំពើឃោរឃៅ!» ប៉ុន្តែព្រះអង្គមិនសង្រ្គោះទូលបង្គំទេ។ 3 ហេតុអ្វីបានជាព្រះអង្គឲ្យទូលបង្គំឃើញតែសេចក្តីទុច្ចរិត ហើយនិងក្តីមិនត្រឹមត្រូវយ៉ាងនេះ? ហើយនៅជុំវិញទូលបង្គំឃើញតែសេចក្តីហិនវិនាស និងអំពើឃោឃៅ ការឈ្លោះទាស់ទែង និងប្តឹងផ្តល់គ្នា។ 4 ច្បាប់ទៅជាខ្យោយហើយភាពយុត្តិធម៍ ក៏មិនមាននរណាធ្វើតាមដែរ។ ដ្បិតមនុស្សអាក្រក់នៅជុំវិញមនុស្សសុចរិត ហើយក្តីអយុត្តិធម៍កើតឡើង»។ ព្រះអម្ចាស់ក៏តបទៅលោកហាបាគូក 5 «ចូរមើលទៅប្រជាជាតិនានា ហើយនាំគ្នាពិចារណាអំពីពួកគេទៅ ហើយមានការអសា្ចរ្យបានកើតឡើង! ដ្បិត យើងជឿថា អ្វីដែលកំពុងតែកើតមាននៅជំនាន់អ្នករាល់គ្នា បើសិនអ្នកគ្រាន់តែឮ នោះអ្នកនឹងមិនជឿឡើយ។ 6 មើល៏! យើងនឹងតាំងជនជាតិខាល់ដេឡើង ហើយជនជាតិនេះសាហាវកោងកាចបំផុត! គេនឹងលើកគ្នាដើរកាត់ផែនដីទាំងមូល ដើម្បីដណ្តើមយកទឹកដីពីជនជាតិផ្សេង ដែលមិនមែនជារបស់ខ្លួន 7 ពួកគេជាមនុស្សដែលគួរឲ្យភ័យខ្លាច និងភ័យញ័រ ពួកគេបង្កើតច្បាប់ និងសិទ្ធអំណាច មកតែពីខ្លួនគេទេ។ 8 សេះរបស់ពួកគេបោលលឿនជាខ្លារខិន ហើយសាហាវជាងឆ្កែចចកដែលរកសីុ នៅពេលព្រលប់ទៅទៀត។ កងទ័ពសេះរបស់ពួកគេសម្រុកចូលដោយឥតញញើត ដូចសត្វឥន្រ្ទីបោះពួយមកចាប់រំពារ 9 ពួកគេនាំគ្នាមកដើម្បីបំផ្លាញ ទឹកមុខរបស់ពួកគេពិតជាសាហាវណាស់ ហើយពួកគេចាប់ឈ្លើយសឹកដូចជាខ្សាច់។ 10 ពួកគេសើចចំអកឡកឡើយឲ្យស្តេចនានា ហើយមើលងាយដល់មេដឹកនាំទាំងឡាយ ពួកគេនឹងមិនញញើតនឹងកំផែងក្រុងទាំងនោះឡើយ ដ្បិតពួកគេគ្រាន់តែលើកសម្លេងឡើង ផែនដីនឹងជារបស់គេ។ 11 ពេលពួកគេមានកម្លាំងគេក៏បន្តរដំណើរទៅមុខដូចជាខ្យល់ព្យុះ ដើម្បីប្រព្រឹត្តអំពើអាក្រក់ ពួកគេចាត់ទុកកម្លាំងរបស់ខ្លួនដូចជាព្រះ»។ ព្យាការីហាបាគូកទូលសួរទៅព្រះអម្ចាស់នូវសំនួរផ្សេងទៀត 12 «ព្រះអម្ចាស់ជាព្រះនៃទូលបង្គំ ជាព្រះដ៏បរិសុទ្ធនៃទូលបង្គំអើយ! ព្រះអង្គគង់នៅតាំងពីដើមរៀងមក យើងខ្ញុំនឹងមិនស្លាប់ទេ ព្រះអង្គដែលជាថ្មដានៃទូលបង្គំអើយ! ព្រះអង្គបានតាំងខ្មាំងសត្រូវឡើងដើម្បីវាយផ្ចាលយើងខ្ញុំ ព្រះអង្គឲ្យកម្លាំងដល់គេដើម្បីវាយប្រដៅយើងខ្ញុំ។ 13 ព្រះអង្គមានព្រះនេត្របរិសុទ្ធ ហើយព្រះអង្គទ្រាំ មើលកាអាក្រក់មិនបានទេ ព្រះអង្គក៏ពុំអាចទតមើលការទុច្ចរិតមិនបានដែរ ហេតុអ្វីបានជាព្រះអង្គទតមើលពួកអ្នក ដែលប្រព្រឹត្តការក្បត់? ហេតុអ្វីបានជាព្រះអង្គធ្វើព្រងើយ ពេលឃើញមនុស្សអាក្រក់បំផ្លាញអ្នកដែលសុចរិតជាងពួកគេ? 14 ព្រះអង្គធ្វើឲ្យមនុស្សដូចជាត្រីដែលនៅក្នុងសមុទ្រ ឬដូចសត្វលូនវា ដែលគ្មានអ្នកណាគ្រប់គ្រងលើពួកគេ។ 15 ប្រជាជនទាំងអស់ត្រូវខ្មាំងចាប់ដូចជាត្រីជាប់សន្ទូង និងជាប់សំណាញ់ ខ្មាំងបង់សំណាញ់ចាប់ពួកគេ យកទៅ ទាំងមានចិត្តអរសប្បាយហើយរីករាយ​ 16 ហេតុនោះបានជាគេថ្វាយយញ្ញបូជាដល់សំណាញ់របស់គេ ព្រោះគេបានអាហារឆ្ងាញ់យ៉ាងបរិបូណ៏ដោយសាររបស់ទាំងនោះ 17 ដូច្នេះ តើពួកសម្អាត់សំណាញ់របស់ពួកគេ ហើយបន្តប្រហារជីវិតប្រជាជាតិនានាដោយគ្មានការប្រណីបែបនេះមែនទេ?»