ជំពូក ២

1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ និងលោកអ៊ើរ៉ុនម្តងទៀត។ ព្រះអង្គមានបន្ទូលថា៖ 2 «ជនជាតិអ៊ីស្រាអែលម្នាក់ៗត្រូវបោះជំរំនៅជុំវិញទង់ជ័យរៀងខ្លួន នៅក្បែរទង់ជ័យផ្ទះឪពុករបស់ពួកគេ។ ពួកគេនឹងបោះជំរំនៅជុំវិញត្រសាលប្រជុំនៅគ្រប់ជ្រុង។ 3 អស់អ្នកដែលបោះជំរំនៅខាងកើតត្រសាលប្រជុំ ជាកន្លែងថ្ងៃរះ គឺជាកុលសម្ព័ន្ធរបស់លោកយូដា ហើយពួកគេបោះជំរំតាមអង្គភាពរបស់ពួកគេ។ លោក​ណាសូន ជា​កូន​របស់​លោក​អមីណា‌ដាប់ គឺជាមេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​លោកយូដា។ 4 ចំនួនប្រជាជន​របស់​យូដា​មាន​ចំនួន ៧៤ ៦០០ នាក់។ 5 កុល‌សម្ព័ន្ធ​របស់លោកអ៊ីសា‌ខារ​បានបោះ​ជំរំ​នៅជិតកុល‌សម្ព័ន្ធ​លោកយូដា។ លោកនេថា‌​នេល ជា​​កូន​របស់​​​លោកស៊ូហារគឺ​ជាមេ​ដឹក​នាំ​ទាហានរបស់​លោក​អ៊ីសា‌ខារ។ 6 អង្គ‌ភាព​របស់​គាត់​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៥៤ ៤០០ នាក់។ 7 កុល‌សម្ព័ន្ធ​របស់លោកសាប់យូ‌ឡូនត្រូវ បោះជំរំនៅជិត​លោកអ៊ីសា‌ខារ​។ លោក​អេលាប ជា​កូន​របស់​​លោកហេឡូន គឺជាមេ​ដឹក​នាំទាហាន​របស់​​លោកសាប់យូ‌ឡូន។ 8 អង្គ‌ភាព​របស់​គាត់​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៥៧ ៤០០ នាក់។ 9 ចំនួនប្រជាជនដែលនៅក្នុងជំរំរបស់លោកយូដាទាំងអស់មានចំនួន ១៨៦៤០០​ នាក់។ ពួកគេនឹងចេញដំណើរមុនគេ។ 10 នៅប៉ែកខាងត្បូងត្រូវតែជាជំរំរបស់លោករូបេននៅក្រោមទង់ជ័យរបស់ពួកគេ។ មេដឹកនាំជំរំរបស់លោករូបេនគឺលោក​អេលី‌ស៊ើរ ជា​កូន​របស់​​លោកសេដេ‌អើរ។ 11 អង្គ‌ភាព​របស់​គាត់​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៤៦៥០០ នាក់។ 12 លោកស៊ីម្មាន​បោះ​ជំរំ​នៅជិតលោក​រូបេន។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​លោកស៊ីម្មានគឺ​លោកស្លូមាល ជា​កូន​របស់​លោក​ស៊ូរី‌សាដាយ។ 13 ​អង្គ‌ភាព​របស់​គាត់​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៥៩ ៣០០ នាក់។ 14 កុល‌សម្ព័ន្ធ​របស់កាដនៅបន្ទាប់នោះ។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​កាដ គឺលោក​អេលី‌សាប ជា​កូន​របស់​លោក​ដេហ៊ូ‌អែល។ 15 ​អង្គ‌ភាព​របស់​គាត់​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៤៥ ៦៥០ នាក់។ 16 ចំនួនរបស់អ្នកដែលបានរាប់នៅក្នុងជំរំរបស់លោករូបេន ​សរុប​ទាំង​អស់​មាន​ចំនួន ១៥១ ៤៥០ នាក់។ ពួកគេនឹងចេញដំណើរជាអង្គភាពទីពីរ។ 17 បន្ទាប់មក ត្រសាលប្រជុំត្រូវចេញពីជំរំជាមួយពួកលេវី គឺនៅចំកណ្តាលនៃជំរំទាំងអស់។ ពួកគេត្រូវចេញពីជំរំតាមលំដាប់ ដូចដែលពួកគេបោះជំរំដែរ។ បុរសគ្រប់រូបត្រូវនៅក្នុងកន្លែងរបស់ខ្លួន និងទង់ជ័យរបស់ខ្លួនដែរ។ 18 អង្គភាពនៃជំរំរបស់អេប្រាអ៊ីមនៅក្រោមទងជ័យរបស់ពួកគេ។ មេដឹកនាំរបស់កុលសម្ព័ន្ធអេប្រាអ៊ីមគឺលោកអេលី‌សាម៉ា ត្រូវជា​កូន​របស់​លោកអាំមី‌ហ៊ូដ។ 19 អង្គភាព​របស់​គាត់មាន​ចំនួន ៤០ ៥០០ នាក់។ 20 បន្ទាប់ពី ពួកគេគឺកុលសម្ព័ន្ធម៉ាណាសេ។ មេដឹកនាំរបស់កុលសម្ព័ន្ធលោកម៉ាណាសេគឺលោក​កាម៉ា‌លាល ត្រូវជា​កូន​របស់​លោកផ្តាស៊ើរ។ 21 អង្គភាព​របស់​គាត់មាន​ចំនួន ៣២ ២០០ នាក់។ 22 បន្ទាប់មក កុលសម្ព័ន្ធបេនយ៉ាមីន។ មេដឹកនាំរបស់កុលសម្ព័ន្ធលោកបេន​យ៉ា​មីន​គឺ​លោកអប៊ីដាន ត្រូវជា​កូន​របស់​លោកគីដា‌ហូនី។ 23 អង្គភាព​របស់​គាត់មាន​ចំនួន ៣៥ ៤០០ នាក់។ 24 អង្គភាពទាំងអស់ដែលបានរាប់នៅក្នុងជំរំរបស់កុលសម្ព័ន្ធអេប្រាអ៊ីមមានចំនួន ១០៨១០០។ ពួកគេចេញ​ដំណើរ​ជាអង្គភាព​ទី​បី។ 25 នៅប៉ែកខាងជើងជាជំរំអង្គភាពកុលសម្ព័ន្ធដាន់។ មេដឹកនាំរបស់កុលសម្ព័ន្ធដាន់ គឺលោក​អហ៊ី‌យេស៊ើរ ត្រូវជា​កូន​របស់លោក​អាំមី‌សាដាយ។ 26 អង្គភាព​របស់​គាត់​មាន​ចំនួន ៦២ ៧០០ នាក់។ 27 នៅកុលសម្ព័ន្ធអេ‌ស៊ើរ​បោះ​ជំរំ​នៅជិត​កុល‌សម្ព័ន្ធ​ដាន់។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ គឺលោក​ប៉ាគី‌ហ៊ាល ត្រូវជា​កូន​របស់លោក​អូក្រាន។ 28 អង្គភាព​របស់​គាត់​មាន​ចំនួន ៤១ ៥០០ នាក់។ 29 កុល‌សម្ព័ន្ធ​ណែប‌ថាលីនៅបន្ទាប់។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី គឺ​លោកអហ៊ី‌រ៉ា ត្រូវជា​កូន​របស់​លោកអេណាន។ 30 អង្គភាព​របស់​គាត់​មាន​ចំនួន ៥៣ ៤០០ នាក់។ 31 អង្គភាពដែលនៅក្រោមទង់ជ័យរបស់ដាន់​ទាំងអស់​មាន​ចំនួន ១៥៧ ៦០០ នាក់។ ពួក​គេ​ចេញ​ទៅក្រោយ​គេ​បង្អស់ ​តាម​ទង់​របស់​ពួកគេ»។ 32 អ្នកទាំងនេះគឺជាជនជាតិអ៊ីស្រាអែល រាប់តាមចំនួននៃគ្រួសាររបស់ពួកគេ។ គឺរាប់អស់អ្នកដែលនៅក្នុងជំរំរបស់ពួកគេ តាមអង្គភាពរបស់ពួកគេមានចំនួន ៦០៣៥៥០។ 33 ប៉ុន្តែ លោកម៉ូសេ និងលោកអ៊ើរ៉ុនមិនបានរាប់ពួកលេវីដែលនៅក្នុងចំណោមជនជាតិអ៊ីស្រាអែលទេ។ ការនេះធ្វើតាម ដូចដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។ 34 ប្រជាជនអ៊ីស្រាអែលធ្វើគ្រប់យ៉ាងតាមដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។ ពួកគេបានបោះជំរំតាមទង់ជ័យរបស់ពួកគេ។ ពួកគេចេញពីជំរំតាមអំបូររបស់ពួកគេ ទៅតាមគ្រួសារដូនតារបស់ពួកគេ។