ជំពូក ៤០

1 «ស្កប់ចិត្ត ស្កប់ចិត្តចុះ ប្រជារាស្តរបស់យើងអើយ» ព្រះបន្ទូលនៃព្រះជាម្ចាស់របស់អ្នក។ 2 «សូមថ្លែងជាពាក្យស្នើរដល់ក្រុងយេរូសាឡិម ហើយប្រកាសទៅកាន់ប្រជាជនទាំងអស់ថាចំបាំង បានត្រូវបញ្ចាប់ហើយ អំពើទុច្ចរិត គឺគេនឹងត្រូវទទួលទោស ហើយមនុស្សទាំងនោះនឹងទទួលពីរដង ពីព្រះហស្តនៃព្រះអម្ចាស់ សម្រាប់អំពើបាបរបស់ពួកគេ»។ 3 សម្រែកយំសោកឮឡើង «នៅទីរហោស្ថាន ចូរ​រៀបចំផ្លូវ​ថ្វាយ​ព្រះ‌អម្ចាស់ ចូរ​កាប់​ឆ្ការ​ព្រៃ​របោះ​ធ្វើ​ផ្លូវ​ថ្វាយ​ព្រះជាម្ចាស់​នៃ​យើង»។ 4 គ្រប់ទាំង​ច្រក​ភ្នំ​ទាំង‌ឡាយត្រូវលើកឡើង ហើយ ​ពង្រាប​ភ្នំ​តូច​ភ្នំ​ធំ​ទាំង​ប៉ុន្មាន​ឲ្យ​រាប កន្លែង​ណា​មាន​ដី​ខ្ពស់​ទាប ត្រូវ​ធ្វើ​ឲ្យ​ទៅ​ជា​វាល​រាប​ស្មើ កន្លែង​ណា​រដិប‌រដុប​ក៏​ត្រូវ​ពង្រាប​ឲ្យ​ស្មើ​ផង​ដែរ 5 ហើយ ព្រះ‌អម្ចាស់​នឹង​សម្តែង​សិរី‌រុងរឿង ឲ្យ​មនុស្ស​លោក​ឃើញ​ក្នុង​ពេល​ជា​មួយ​គ្នា ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះផ្ទាល់។ 6 មាន​សំឡេង​មួយ​ប្រាប់​ថា៖ «ចូរ​ស្រែក​យំ​ចុះ» សំឡេង​មួយ​ទៀត​តប​ថា៖ «តើ​ឲ្យ​ខ្ញុំ​ស្រែកយំពី​​អ្វី?» «មនុស្ស​លោក​ប្រៀប​ដូច​ជា​ស្មៅ ចំណែក​អំពើ​ល្អ​ទាំង​ប៉ុន្មាន​របស់​គេ ប្រៀប​ដូច​ជា​ផ្កា​ដែល​ដុះ​តាម​វាល​ស្មៅ។ 7 នៅ​ពេល​ណា​ខ្យល់​របស់​ព្រះ‌អម្ចាស់​បក់​មក​លើ ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​ស្រពោន​ដែរ។ មនុស្សលោក​នេះ​ប្រៀប​បាន​នឹង​ស្មៅដែរ។ 8 ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​ស្រពោន ប៉ុន្តែ ព្រះ‌បន្ទូល​របស់​ព្រះ​ជាម្ចាស់នៃ​យើង នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច»។ 9 ​ ចូរ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់ ស៊ីយ៉ូន​មាន​អ្នក​នាំសារនៃដំណឹងល្អ។​ យេរូ‌សាឡឹម​ ចូរ​ស្រែក​ឲ្យ​បានខ្លាំងឡើង។ អ្នកគឺជាអ្នកនាំដំណឹងល្អ សូមលើកសម្លេងឡើងកុំខ្លាចឡើយ។ ចូរ​ប្រាប់​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ក្នុង​យូដា​ថា៖ «​ព្រះជាម្ចាស់​របស់​អ្នក​រាល់​គ្នា!» 10 មើល​៍! ព្រះ‌ជា‌អម្ចាស់​យាង​មក ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះអង្គ​យាង​មក​ប្រកប​ដោយ​ព្រះ‌បារមី ដើម្បី​គ្រង​រាជ្យ។ មើល៍! រង្វាន់របស់ព្រះជាម្ចាស់គឺនៅជាមួយព្រះអង្គ ហើយអស់​អ្នក​ដែល​ព្រះអង្គ​បាន​លោះ គឺនៅ​ខាង​មុខ​ព្រះអង្គ។ 11 ព្រះអង្គ​នឹង​ថែ‌រក្សា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដូច​ជាអ្នកគង្វាល​​ ព្រះអង្គ​លើក​ព្រះ‌ហស្ដ​ឡើង​ប្រមូល​កូន​ចៀម ព្រះអង្គ​បី​កូន​តូចៗ​ជាប់​នឹង​ព្រះ‌ឱរា ហើយ​ព្រះអង្គ​ថែ​ទាំ​មេ​ចៀម ដែល​កំពុង​បំបៅ​កូន​ផង​ដែរ។ 12 តើ​មានអ្នកណាអាច​ក្បង់​ទឹកនៅក្នុង​ដៃ យកមក​វាល់បាន ហើយ​យក​បាត​ដៃ​វាស់​ទំហំ​នៃផ្ទៃ​មេឃបានទៅ តើ​អ្នកណាអាចយក​ល្អីមក​វាល់​ធូលីនៃផែនដីទាំងមូលនេះបាន ហើយតើមានអ្នកណាអាច​ថ្លឹង​ទម្ងន់​ភ្នំ​ និងជ្រលោងភ្នំទាំងអស់នោះបាន? 13 តើ​នរណា​ស្ទង់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ តើ​នរណា​ធ្វើ​ជា​ទី​ប្រឹក្សា​ជួយ​គំនិត​ព្រះអង្គ? 14 តើ​ព្រះអង្គ​សុំ​នរណា​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សា ដើម្បី​ថ្វាយ​យោបល់​ព្រះអង្គ? តើ​នរណា​បង្រៀន​ព្រះអង្គ​អំពី​មាគ៌ា​ដ៏​សុចរិត? តើ​នរណា​បង្រៀន​ព្រះអង្គ​ឲ្យ​ស្គាល់​ប្រាជ្ញា ហើយ​ណែ‌នាំ​ព្រះអង្គ​ឲ្យ​ស្គាល់​មាគ៌ា នៃ​ព្រះប្រាជ្ញាញាណ​? 15 មើល៍! ប្រជា‌ជាតិ​ទាំង‌ឡាយ​ប្រៀប​ដូច​ជា ដំណក់​ទឹក​ដែល​ធ្លាក់​ទៅ​ក្នុង​ពាង ពួក​គេ​​ដូច​ធូលី​ដី​នៅ​លើ​ជញ្ជីង។ ចំណែកកោះ​តូចៗ​ប្រៀប​បាន​នឹង​ធូលី​ដី ដែល​ផាត់​ទៅ​តាម​ខ្យល់។ 16 ព្រៃ​ឈើ​នៅ​ស្រុក​លីបង់​ពុំ​មាន​ច្រើន​ល្មម សម្រាប់​ធ្វើ​ជា​អុស ហើយ​សត្វ​ដែល​នៅ​ក្នុង​ព្រៃ​នោះ​ក៏​ពុំ​មាន​ច្រើន ល្មម សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះអង្គ​ដែរ។ 17 នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ ប្រជា‌ជាតិ​ទាំង​អស់​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ ហើយគ្មាន​ប្រយោជន៍។ 18 តើ​អ្នក​រាល់​គ្នា​ចង់​ប្រៀប​ប្រដូច​ព្រះ‌ជាម្ចាស់ ទៅ​នឹង​ព្រះ​ណា? តើ​អ្នក​រាល់​គ្នា​យក​អ្វី​មក​តំណាង​ព្រះអង្គ? 19 ​ព្រះ​ក្លែង‌ក្លាយ​! គឺ​ជាង​ទេ​តើ ដែល​សូន​ធ្វើ​រូប​ព្រះ​ទាំង​នោះ ជាង​មាស​យក​មាស​មក​ស្រោប​រូប​នោះ ព្រម​ទាំង​ធ្វើ​ខ្សែ​ក​ប្រាក់​ពាក់​ឲ្យ​ទៀត​ផង។ 20 ដើម្បីជ្រើស​រើស​យក​ឈើ​ខ្លឹម ហើយ​គេក៏ស្វែងរក​ជាង​មួយ​រូប​ដ៏​ចំណាន ឲ្យ​ឆ្លាក់​ធ្វើ​រូប​ព្រះ​ដ៏​រឹង‌មាំ។ 21 តើ​អ្នក​រាល់​គ្នា​មិន​​ដឹង​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ឮ​ទេ​ឬ? តើ​អ្នក​មិនធ្លាប់​មាននរណា​​ប្រាប់​ តាំង​ពី​ដើម​ដំបូង​មក​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​ពុំ​យល់​អំពី​ដើម​កំណើត​របស់ ផែនដី​នេះ​ទេ​ឬ? 22 ព្រះអង្គ​ដែល​គង់​នៅ​ពី​លើ​លំហ​អាកាស ទ្រង់​ទត​មើល​មនុស្ស​នៅ​លើ​ផែនដី ឃើញ​មនុស្ស​ដូច​សត្វ​ស្រមោច ព្រះអង្គ​លាត​សន្ធឹង​ផ្ទៃ​មេឃ ដូច​គេ​លាត​សន្ធឹង​ក្រណាត់​មួយ​ផ្ទាំង ព្រះអង្គ​ដំឡើង​ផ្ទៃ​មេឃ​ធ្វើ​ជា​ព្រះ‌ដំណាក់ ដូច​ដំឡើង​ព្រះ‌ពន្លា។ 23 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​ទាំង‌ឡាយ ទៅ​ជា​ឥត​ប្រយោជន៍ ព្រះអង្គ​ធ្វើ​ឲ្យ​អ្នក​កាន់​អំណាច​ទាំង​ប៉ុន្មាន នៅ​លើ​ផែនដី​ទៅ​ជា​ឥត​បាន​ការ។ 24 ពួកគេ​​ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​ដុះ ទោះ​បី​លូត​លាស់ ឬ​មិន​លូត​លាស់ ចាក់​ឫស ឬ​មិន​ចាក់​ឫស​ក្ដី ពេល​ណា​ខ្យល់​របស់​ព្រះ‌អម្ចាស់​បក់​មក​លើ ក៏​ស្វិត​ក្រៀម​អស់ រួច​ត្រូវ​ខ្យល់​កួច​យក​បាត់​ទៅ​ដូច​កម្ទេច​ចំបើង។ 25 «តើ​អ្នក​រាល់​គ្នា​ប្រៀប​ប្រដូច​យើង ទៅ​នឹង​នរណា តើ​នរណា​អាច​ស្មើ​នឹង​យើង​បាន?» ព្រះបន្ទូលនៃព្រះដ៏វិសុទ្ធ។ 26 ចូរ​ងើយ​ទៅ​លើ​មេឃចុះ! តើ​នរណា​បាន​បង្កើត​ផ្កាយ​ទាំង​នោះ? គឺ​ព្រះ‌អម្ចាស់​ដែល​បាន​ហៅ​ហ្វូង‌តារា​ទាំង​នោះ ឲ្យ​រះ​ឡើង ផ្ដុំ​គ្នា​​ ហើយព្រះអង្គ​ហៅ​ផ្កាយ​នីមួយៗ​តាម​ឈ្មោះ​របស់​វា។ ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ ឥត​មាន​ផ្កាយ​ណា​មួយ​ពុំ​ព្រម​រះ​នោះ​ឡើយ។ 27 ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​​និយាយ​ថា កូន​ចៅ​របស់​លោក​យ៉ាកុប​ ​អុីស្រា‌អែល​អើយ «ផ្លូវរបស់ទូលបង្គំបានលាក់ពីព្រះ‌អម្ចាស់​ ហើយទ្រង់មិន​យល់​ទុក្ខ​លំបាក​របស់​ខ្ញុំ​ទេ ព្រះ​របស់​ខ្ញុំ​មិន​អើពើ​នឹង​រក​យុត្តិធម៌​ឲ្យ​ខ្ញុំឡើយ​?» 28 តើ​អ្នក​មិន​ធ្លាប់​ដឹង​ទេ​ឬ? តើ​អ្នក​មិន​ធ្លាប់​ឮ​ទេ​ឬ​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​ដែល​គង់​នៅ​អស់‌កល្ប​ជានិច្ច បាន​បង្កើត​ផែនដី​ទាំង​មូល ព្រះអង្គ​មិន​ចេះ​នឿយ‌ហត់ មិន​ចេះ​អស់​កម្លាំង រីឯ​ព្រះ‌តម្រិះ​របស់​ព្រះអង្គ ក៏​គ្មាន​នរណា​អាច​យល់បាន​ដែរ។ 29 ព្រះអង្គ​ប្រទាន​កម្លាំង​ ដល់​អ្នកដែល​នឿយ‌ហត់ និង​ខ្សោយ​ល្វើយឲ្យមានកម្លាំងឡើងវិញ។ 30 ទោះបីក្មេង​ជំទង់ក៏​នឹង​អស់​កម្លាំងនិងភ័យព្រួយ ហើយ​មនុស្ស​ពេញ​កម្លាំង​ក៏​តែង​ភ្លាត់​ដួល​ដែរ 31 ប៉ុន្តែអ្នក​ជឿ​សង្ឃឹម​លើ​ព្រះ‌អម្ចាស់ តែងតែ​មាន​កម្លាំង​ថ្មី​ជានិច្ច ប្រៀប​បាន​នឹង​សត្វ​ឥន្ទ្រី​ហោះ​ហើរ គេ​ស្ទុះ​រត់​ទៅ​មុខ ដោយ​មិន​ចេះ​ហត់ ហើយ​ដើរ​ដោយ​មិន​ចេះ​អស់​កម្លាំង។