ជំពូក ៣៧

1 កាលស្តេចហេសេគាបានឮពីដំណឹងនេះ ទ្រង់ក៏ហែកព្រះភូសាចោល ហើយក៏ស្លៀកបាវ រួចយាងទៅដំណាក់របស់ព្រះអម្ចាស់។ 2 ព្រអង្គបានបញ្ជូនអេលាគីម ដែលជាអ្នកមើលការខុសត្រូវនៅក្នុងរាជវាំង ហើយសេបណាជាស្មៀនហ្លួង ហើយបូជាចារ្យចាស់ៗ ទាំងអស់គ្នានាំគ្នាស្លៀកបាវ ទៅជួបព្យាការី អេសាយកូនរបស់អម៉ូស។ 3 គេនិយាយទៅកាន់គាត់ថា «ព្រះបាទហេសេគាមានរាជឱង្ការថា «ថ្ងៃនេះជាថ្ងៃអាសន្ន ហើយអាម៉ាស់ ដូចទារកដែលហៀបនឹងសម្រាល​តែម្តាយគ្មានកម្លាំងនឹងប្រឹងឲ្យកើតមក។ 4 ប្រហែលព្រះអម្ចាស់ជាព្រះអ្នករាល់គ្នាបានឮពីពាក្យដែលមេទ័ពដែលស្តេចស្រុកអាស្ស៊ីរីជាម្ចាស់គាត់បានបញ្ជូនមក បានប្រមាថព្រះជាម្ចាស់ដែលមានព្រះជន្មរស់ ហើយស្តីបន្ទោសដល់ព្រះអម្ចាស់ជាព្រះរបស់រាល់គ្នាបានឮ។ ឥឡូវសូមអធិស្ឋានអង្វរសូមឲ្យព្រះអង្គបានប្រណីអត់ទោសដល់ប្រជាជនដែលនៅសល់ទីនេះ»។ 5 ដូច្នេះអ្នកបម្រើរបស់ស្តេចហេសេគាក៏មកជួបអេសាយ 6 ហើយអេសាយក៏ពោលទៅគេថា «សូមទូលទៅព្រះករុណាលោកថា» ព្រះអម្ចាស់បានមានបន្ទូលថា «កុំភ័យចំពោះដំណឹងដែលអ្នកឮឡើយ និងពាក្យប្រមាថរបស់ស្តេចស្រុកអាស្ស៊ីរីឡើយ។ 7 មើលយើងនឹងធ្វើឲ្យស្តេចនេះទទួលដំណឹងមួយ ហើយវិលត្រឡប់ទៅស្រុកគេវិញ។ យើងនឹងធ្វើឲ្យគេបានធ្វើគុតដោយដាវនៅក្នុងស្រុករបស់វាវិញ»។ 8 បន្ទាប់មកមេទ័ពក៏ត្រឡប់ទៅគាល់ស្តេចស្រុកអាស្ស៊ីរី ខណៈដែលស្តេចកំពុងតែលើកទ័ពច្បាំងនឹងក្រុងលីបណា ដោយលោកបានដឹងថាស្តេចបានលើកទ័ពចេញពីក្រុងឡាគីស។ 9 រួចមកស្តេចស្រុកអាស្ស៊ីរីបានឮថាព្រះចៅទារហាកាជាស្តេចអេត្យូពីកំពុងតែលើកទ័ពមកធ្វើសឹកជាមួយនឹងទ័ពអាស្ស៊ីរី។ ដូច្នេះស្តេចស្រុកអាស្ស៊ីរីក៏ចាត់អ្នកនាំសារឲ្យទៅជួបព្រះបាទហេសេគាម្តងទៀត។ 10 ដោយផ្តាំទៅព្រះបាទហេសេគា ជាស្តេចស្រុកយូដាថា «កុំឲ្យព្រះរបស់ព្រះករុណាដែលព្រះករុណាទុកចិត្ត បោកព្រះករុណាថា «ក្រុងយេរូសាឡិមនឹងមិនធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរីឡើយ»។ 11 មើល អ្នកបានឮមកហើយនូវអ្វីដែលស្តេចស្រុកអាស្ស៊ីរីបំផ្លាញស្រុកនានាទាំងប៉ុន្មាន។ ដូច្នេះតើព្រះនឹងជួយរំដោះអ្នករាល់់គ្នាឬ? 12 តើព្រះនៃសាសន៍ទាំងប៉ុន្មានបានជួយគេទេ សាសន៍ដែលបុព្វបុរសយើងបានបំផ្លាញដូចជា ក្រុងកេសាន ក្រុងខារ៉ាន ក្រុងរេសែភ និងពួកកូនចៅអេដែនដែលនៅស្រុកធេឡាសើរ? 13 តើស្តេចស្រុកហាម៉ាត ស្តេចក្រុងអើផាឌ ស្តេចក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ានៅឯណា?» 14 ព្រះបាទហេសេគាក៏ទទួលសំបុត្រនោះពីអ្នកនាំសារហើយក៏អាន។ ហើយទ្រង់ក៏យាងទៅព្រះដំណាក់នៃព្រះអម្ចាស់ ហើយលាសំបុត្រនោះនៅចំពោះព្រះអង្គ។ 15 ព្រះបាទហេសេគាបានអធិស្ឋានទៅព្រះអម្ចាស់ថា 16 «ឱព្រះអម្ចាស់ព្រះនៃពិភពទាំងមូល ជាព្រះនៃអុីស្រាអែលអើយ ដែលគង់លើចេរូប៊ីន គឺព្រះអង្គតែមួយដែលជាព្រះនៃអ្វីទាំងអស់នៅលើផែនដី ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី។ 17 ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ សូមទ្រង់បើកព្រះនេត្រទត សូមព្រះអម្ចាស់សណ្តាប់ពាក្យរបស់ស្តេច សានហេរីប ដែលបានបញ្ជូនគេឲ្យប្រជែងនឹងព្រះដ៏មានព្រះជន្មរស់។ 18 ពិតប្រាកដណាស់ ព្រះអម្ចាស់អើយ ស្តេចស្រុកអាស្ស៊ីរីបានបំផ្លាញប្រជាជននិងស្រុកគេអស់ហើយ។ 19 គេបានបោះព្រះទាំងនោះទៅក្នុងភ្លើង ត្បិតព្រះទាំងនោះមិនមែនជាព្រះទេ ជាស្នាដៃដែលមនុស្សធ្វើពីឈើ ហើយនិងថ្ម។ ហេតុនោះហើយបានជាគេបំផ្លាញព្រះនោះ។ 20 ឥឡូវនេះ ឱព្រះអម្ចាស់ជាព្រះយើងខ្ញុំ សូមជួយសង្គ្រោះយើង ពីកណ្តាប់ដៃគេផង នោះស្តេចនៅផែនដី នេះនឹងដឹងថាមានតែព្រះអម្ចាស់តែមួយគត់»។ 21 ក្រោយមក អេសាយជាកូនអ័ម៉ូសចាត់គេឲ្យទៅទូលព្រះបាទហេសេគាថា «ព្រះអម្ចាស់ ជាព្រះនៃជនជាតិអុីស្រាអែលមានបន្ទូលថា៖ ដោយព្រោះអ្នកបានអធិស្ឋាន ដល់យើងពីក្តីបារម្ភចំពោះ សានហេរីបជាស្តេចស្រុកអាស្ស៊ីរី 22 នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលមានបន្ទូលពីដំណើរស្តេចនោះ «នាងក្រមុំក្រុងស៊ីយ៉ូនស្តីបន្តោស ហើយសើចចំអកដាក់អ្នកដោយប្រមាថមើល ងាយអ្នក កូនស្រីក្រុងយេរូសាឡិមគ្រវីក្បាលដាក់អ្នក។ 23 តើអ្នកបានប្រជែង និងប្រមាថដល់អ្នកណា? តើបានទាស់ប្រឆាំងនឹងអ្នកណា ដែលអ្នកបានដំឡើងសម្លេង ហើយបើកភ្នែកងើបឡើងខ្ពស់យ៉ាងដូច្នេះ? គឺទាស់នឹងព្រះដ៏វិសុទ្ធជាព្រះនៃជនជាតិអុីស្រាអែល។ 24 អ្នកបានប្រជែង នឹងព្រះអម្ចាស់ដោយអ្នកបម្រើរបស់អ្នកដោយពោលថា ដោយរទេះច្បាំងរបស់យើង យើងបានឡើងទៅដល់កំពូលភ្នំទាំងនោះ ហើយទៅដល់ព្រៃល្បាណូនយ៉ាងជ្រៅ យើងនឹងកាប់ដើមតាត្រៅ និង​ដើមកកោះដែលខ្ពស់នៅទីនោះ ហើយនឹងចូលទៅដល់ទីខ្ពស់នៅចុងស្រុកគេ ទៅដល់ចម្ការដែលពេញទៅដោយព្រៃដុះ។ 25 យើងបានជីងអណ្តូង ហើយផឹកទឹកពីវា យើងបានធ្វើឲ្យទន្លេរបស់ស្រុកអេស៊ីបរីងដោយសារបាតជើងរបស់យើង។ 26 តើអ្នកមិនបានឮទេឬអីថា យើងបានគ្រោងទុក ហើយគិតជាស្រេច ហើយធ្វើកិច្ចការនេះតាំងពីយូរមកម្លេះ? ហើយចាត់ចែងការនេះតាំងពីបុរាណមក។ ឥឡូវនេះយើងបានសម្រេចហើយ។ គឺបានឲ្យអ្នកមកបំផ្លាញទីក្រុងដែលមានកំពែងនេះឲ្យរលំខ្ទេចខ្ទី។ 27 ហើយពួកអ្នកក្រុងនោះគេល្វើយអស់កម្លាំង ស្រយុតចិត្តហើយខ្មាស់។ គេបានដូចជាស្មៅដែលដុះនៅតាមទីវាល និងពន្លកស្មៅខៀវខ្ចី ដូចជាស្មៅដែលដុះនៅលើដំបូលឬនៅតាមវាល ដែលនៅចំពោះមុខខ្យល់បក ពីទិសខាងកើត។ 28 ប៉ុន្តែយើងវិញ អ្នកបានធ្វើអ្វីយើងដឹងពេលអ្នកអង្គុយ ហើយអ្នកទៅណាមកណា អ្នកច្រឡោតទាស់នឹងយើងក៏យើងដឹងដែរ។ 29 ដោយព្រោះអ្នកខឹងទាស់នឹងយើង យើងបានឮរាល់ទាំងពាក្យកំហឹងទាំងនោះ យើងនឹងយកកន្លុះដាក់ច្រមុះអ្នក ហើយពាក់បង្ហៀរនៅមាត់អ្នក ហើយដឹកអ្នកទៅស្រុកអ្នកវិញតាមផ្លូវដែលអ្នកមក»។ 30 នេះនឹងជាទីសម្គាល់សម្រាប់អ្នក នៅឆ្នាំនេះអ្នកនឹងបរិភោគដំណាំដែលដុះនៅក្នុងព្រៃ ហើយឆ្នាំទីពីរអ្នកនឹងបរិភោគអ្វីដែលដុះនៅទីនោះដែរ។ តែនៅឆ្នាំទីបី អ្នកនឹងសាបព្រួស រួចច្រូតកាត់ ហើយដាំទំពាំងបាយជូរ ហើយបរិភោគផលពីវាផង។ 31 អស់អ្នកស្រុកយូដាដែលនៅមានជីវិត សេសសល់នោះប្រៀបដូចជាដើមឈើចាក់ឬសហើយបង្កើតផលផ្លែជាច្រើន។ 32 ត្បិតនឹងមានសំណល់ពីក្រុងយេរូសាឡិមនឹងចេញទៅ ហើយអ្នកដែលរួចជីវិតតពីក្រុងស៊ីយ៉ូននឹងមកដែរ ដោយ​សារព្រះហឬទ័យស្រឡាញ់»។ 33 ដូច្នេះព្រះអម្ចាស់មានបន្ទូលអំពីស្តេចអាស្ស៊ីរី ដូច្នេះថា «គេនឹងមិនចូលក្រុងនេះទៀតទេ គេនឹងមិនបាញ់ព្រួញនៅទីនេះទៀតទេ គេនឹងមិនប្រើខែល ឬ លើកដីដើម្បីវាយក្រុងនេះទៀតទេ។ 34 ស្តេចនោះនឹងត្រឡប់ទៅវិញតាមផ្លូវដែលគេមក ហើយនឹងមិនចូលក្រុងនេះទៀតឡើយ នេះជាសេចក្តីប្រកាសរបស់ព្រះអម្ចាស់។ 35 ត្បិតយើងនឹងការពារ ហើយរំដោះទីក្រុងនេះ សំរាប់ប្រយោជន៍ ដល់ដាវីឌជាអ្នកបម្រើយើងឲ្យបានប្រយោជន៍ផង»។ 36 រួចមកទេវតារបស់ព្រះអម្ចាស់វាយច្បាំងទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើើយសម្លាប់ទាហានអស់ 185,000នាក់។ កាលគេក្រោកឡើងពីព្រលឹមក៏ឃើញសុទ្ធតែសាកសពនៅពាសពេញគ្រប់ទីកន្លែង។ 37 ហេតុនោះព្រះបាទសានហេរីជាស្តេចស្រុកអាស្ស៊ីរី ក៏ដកថយទ័ពទៅគង់នៅក្រុងនីនីវេវិញ។ 38 ក្រោយមក ស្តេចកំពុងថ្វាយបង្គំព្រះនីសរ៉ុក នៅក្នុងព្រះវិហារនោះ បុត្រាទ្រង់ពីរអង្គគឺអ័ឌរ៉ាម៉ាឡេក និងសារេស៊ើរបាននាំគ្នាធ្វើគុតទ្រង់ដោយដាវ។ ហើយពួកគេក៏នាំគ្នារត់ភៀសខ្លួនទៅស្រុកអារ៉ារ៉ាត។ រួចបុត្រាមួយទៀតគឺអេសារហាដោនក៏ឡើងគ្រងរាជ្យជំនួស។