ជំពូក ១៥

1 សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​ម៉ូអាប់។ ជាការពិត ក្រុង​អើរ ម៉ូអាប់​មុខ​ជា​ត្រូវ​ហិន‌ហោច និង​វិនាស​សូន្យ​ក្នុង​ពេល​តែ​មួយ​យប់​ទេ ហើយ​ដោយ​ព្រោះ​នៅ​ក្នុង​យប់​មួយ ក្រុង​គាររបស់​ស្រុក​ម៉ូអាប់ត្រូវ​បំផ្លាញ​ខ្ទេច‌ខ្ទី ហើយ​សាប‌សូន្យ​ទៅ​ដែរ។ 2 ពួកគេបាន​នាំ​គ្នា​ឡើង​ទៅ​វិហារ​នៅ​ឌីបូន គេ​យំ​សោក​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​សោក​សង្រេង ស្រណោះ​ក្រុង​នេបូ និង​ក្រុង​មេឌី‌បា។ គេ​បាន​កោរ​សក់​ក្បាល​គ្រប់​គ្នា ក៏​កាត់​ពុក​ចង្កា​ទាំង​អស់​គ្នា​ដែរ។ 3 នៅតាមផ្លូវពួកគេស្លៀកបាវ កាន់​ទុក្ខ នៅលើដំបូលផ្ទះរបស់ពួកគេ និងនៅតាមទីធ្លាមនុស្សគ្រប់គ្នាយំសោកដោយទឹកភ្នែក។ 4 នៅ​ក្រុង​ហេស‌បូន និង​អេឡា‌លេ ប្រជា‌ជន​ស្រែក​យំ​លាន់​ឮ សំឡេង​របស់​គេ​បាន​ឮ​រហូត​ទៅ​ដល់​ក្រុង​យ៉ាហាស់ ហេតុ​នោះ​បាន​ជាពលទាហានម៉ូអាប់ស្រែករកជំនួយ ពួកគេញាប់ញ័រនៅក្នុងខ្លួនគេ។ 5 ដូងចិត្តខ្ញុំបានអាណិតស្រុក​ម៉ូអាប់ ដ្បិត​មាន​ពួក​គេ​ខ្លះ​រត់ រហូត​ដល់​ក្រុង​សូអារ ក្រុង​អេក្លាត សេលី‌ស្យ៉ា។ ពួកគេ​ដើរ​ទៅ​​យំ​តាម​ផ្លូវ ឡើង​ទៅ​ក្រុងលូគិត គេ​ស្រែក​ប្រកាស​ពី​ការ​បំផ្លាញតាម​ផ្លូវ​ទៅ​​ក្រុង​ហូរ៉ូណែម 6 ​ទឹកដែល​នៅ​នីមរីមបានរីងហើយ ​ស្មៅ​នឹង​ក្រៀម​ស្វិតហើយ​ស្មៅ​ដែលលាស់ខ្ចី​នឹង​រួញ​ទៅ​វិញ អត់​មាន​អ្វី​ខៀវ​ខ្ចី​ឡើយ។ 7 ដោយសារការនេះ គេ​នឹង​ប្រមូល​របស់​ទ្រព្យដែល​គេ​មាន ទុកនៅ​ឆ្ងាយ​ហួស​ជ្រោះ​ដើម​ចាក​ទៅ​ទៀត។ 8 សម្រែក​របស់​ប្រជា‌ជន​លាន់​ឮ​ជុំ‌វិញព្រំ‌ដែន​ស្រុក​ម៉ូអាប់​ទាំង​មូល សូរ​ទ្រហោ‌យំ​ក៏​បាន​ឮ​ទៅ​ដល់​ក្រុង​អេក‌ឡែម សូរ​ទ្រហោ‌យំ​នោះ បាន​ឮ​រហូត​ដល់​ក្រុង​បៀរ អេលីម។ 9 ដ្បិតទឹក​អូរ​ដែល​ហូរ​កាត់​ភូមិ​ឌីម៉ូនមាន​សុទ្ធ​តែ​ឈាម ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនាកើត​មាន​ដល់​ភូមិ​ឌីម៉ូន​នេះ​ថែម​ទៀត គឺ​សត្វ​សិង្ហ​នឹង​មក​ខាំ​ជន‌ជាតិ​ម៉ូអាប់ ដែល​នៅ​សល់​លើ​ទឹក​ដី​របស់​គេ។