ជំពូក ១៣

1 សេចក្តីប្រកាសអំពីបាប៊ីឡូន ដែលលោកអេសាយជាកូនរបស់លោកអម៉ូសបានទទួល 2 ចូរ​លើក​ទង់​សញ្ញា​មួយ នៅ​លើ​ភ្នំ​មួយ​ដែល​គ្មាន​ដើម​ឈើ ចូរ​នាំ​គ្នា​ស្រែកដាក់ពួកគេ និង​បក់​ដៃ​ហៅ​ពួក​គេផង ទាំង​នោះ​ឲ្យ​ចូល​មក​តាម​ទ្វារ​កិត្តិយស។ 3 យើង​បាន​ចេញ​បញ្ជា​ទៅ​កាន់​អ្នកដ៏វិសុទ្ធរបស់យើង ហើយយើង​បាន​ហៅ​ពួក​ខ្លាំង​ពូកែ​របស់​យើង សម្រាប់​នឹង​សម្រេច​សេចក្ដី​ក្រោធ​របស់​យើង គឺ​ជា​ពួក​អ្នក​ដែល​មាន​អំណរចំពោះ​សេចក្ដី​ខ្ពង់‌ខ្ពស់​របស់​យើង។ 4 មាន​ឮ​សូរ​គឹក‌កង​របស់​មនុស្ស​កក‌កុញ​នៅ​លើ​ភ្នំ គឺ​ជា​សំឡេង​របស់​ប្រជា‌ជាតិ​នៃ​រាជា​ណាចក្រ ជា​ច្រើន​ឥត​គណនា​ដែល​មក​ជួប‌ជុំ​គ្នា! ព្រះអម្ចាស់នៃពិភពទាំងមូលកំពុង​តែ​ត្រួត‌ត្រា​មើល​ពល‌ទ័ព​សម្រាប់​ចូល​ច្បាំង។ 5 ពួកគេ​ទាំង​នោះ​មក​ពី​ស្រុក​ឆ្ងាយៗគឺ​មក​ពី​ជើង​មេឃ គឺព្រះអម្ចាស់និង​គ្រឿង​អាវុធនៃ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌អង្គដើម្បី​នឹង​បំផ្លាញ​ស្រុក​នោះ​ទាំង​មូល។ 6 ចូរស្រែកឡើង ព្រោះថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់ហើយ។ ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតនឹង​ធ្វើ​ឲ្យ​កើត​មហន្ត‌រាយ។ 7 ហេតុ​នេះ​ហើយ​ បាន​ជា​មនុស្ស​គ្រប់ៗ​គ្នា បាក់​ទឹក​ចិត្ត លែង​មាន​សេចក្ដី​ក្លា‌ហាន។ 8 ពួកគេនឹងភ័យរន្ធត់ ការឈឺចាប់និងការស្រែកថ្ងូរនឹងរឹបអូសពួកគេដូចជាស្ត្រីមានផ្ទៃពោះ។ ពួកគេមើលមុខគ្នាទៅវិញទៅមកដោយងឿងឆ្ងល់ ហើយ​មុខ​របស់​គេពោរ‌ពេញ​ទៅ​ដោយ​ភាព​អាម៉ាស់។ 9 មើល៍! ថ្ងៃនៃព្រះអម្ចាស់មកដល់ ជាមួយព្រះពិរោធយ៉ាងខ្លាំងនិង​កំហឹង​យ៉ាង​ខ្លាំង ដើម្បី​នឹង​បំផ្លាញ​ទឹកដី​គ្មានសល់ ​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​បាប​សូន្យ​ចេញ។ 10 ផ្កាយនៅលើមេឃនិងក្រុមតារានិករនឹងមិនផ្តល់ពន្លឺដល់ពួកគេទេ។ ព្រះ‌អាទិត្យ​នឹង​បាត់​រស្មី​តាំង​ពី​ពេល​រះ​ឡើងហើយ​ព្រះ‌ច័ន្ទ​ក៏​លែង​ចាំង​ពន្លឺ​ទៀត​ដែរ។ 11 យើងនឹងដាក់ទោសពិភពលោក ព្រោះតែអំពើអាក្រក់និងអំពើទុច្ចរិតរបស់គេ។ យើងនឹងបំបាត់ចោលភាពក្រអឺតក្រទមរបស់មនុស្សអំនួត ហើយ​បង្ក្រាបចិត្ត​ព្រហើន​របស់​មនុស្ស​ឃោរ‌ឃៅ។ 12 យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​នៅ​សល់​តិច‌តួច​បំផុត គឺ​ពិបាក​រក​ជាង​​មាស​ទឹក​ដប់ និង​មាស​ដ៏​ល្អ​បំផុត ទៅ​ទៀត។ 13 ដូច្នេះហើយ យើងនឹងធ្វើឲ្យផ្ទៃ​មេឃ​នឹង​កក្រើក​រំពើក ផែនដី​នឹង​រញ្ជួយ​នៅ​លើ​គ្រឹះ​របស់​វា តាមដែល​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ខ្ញាល់​នឹង​មនុស្ស​លោក ដោយ‌សារ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះអង្គ។ 14 ប្រៀប​ដូច​សត្វ​ប្រើស​ប្រឹង​រត់​នៅ​មុខ​ព្រាន ឬ​ដូច​ហ្វូង​ចៀម​ដែល​គ្មាន​នរណា​ឃ្វាល ម្នាក់ៗ​វិល​ទៅ​រក​ប្រជា‌ជន​របស់​ខ្លួន ហើយ​រត់​ទៅ​រក​ស្រុក​កំណើត​វិញ ។ 15 អ្នកដែលត្រូវគេរកឃើញនឹងត្រូវគេសម្លាប់ ហើយអ្នកដែលចាប់បាននឹងត្រូវស្លាប់ដោយមុខដាវ។ 16 កូនៗរបស់ពួកគេក៏នឹងត្រូវបែកជាបំណែកៗ នៅចំពោះមុខភ្នែករបស់ពួកគេដែរ។ដោយ​ពួកខ្មាំងសត្រូវ ផ្ទះ​របស់​គេក៏​ត្រូវ​ខ្មាំង​រឹប​អូស​យក​ទៅ ហើយ​ប្រពន្ធ​របស់​គេ​ក៏​ត្រូវគេរំលោភ​ដែរ។ 17 មើល៍! យើង​នឹង​ញុះ‌ញង់​សាសន៍​មេឌី​ឲ្យ​ទាស់​នឹង​គេ ជា​ជនជាតិ​ដែល​មិន​ចង់បាន​ប្រាក់ សូម្បី​តែ​មាស​ក៏​មិន​មាន​ចិត្ត រីក‌រាយ​ដែរ។ 18 ជន‌ជាតិ​មេឌី​នឹង​បាញ់​ព្រួញ​ប្រហារ​ពួក​យុវជន។ ពួកគេគ្មាន​ចិត្ត​អាណិត​អាសូរ​ទារក​ដែល​ទើប នឹង​កើត ឬ​ក៏​អាណិត​មេត្តា​ក្មេង​តូចៗ​ទេ។ 19 ហើយ​បាប៊ី‌ឡូន ជា​ក្រុង​ដ៏​ថ្កុំ‌ថ្កើង​ជាង​គេ​ ក្នុងរាជា‌ណាចក្រ ដែល​ធ្វើ​ឲ្យ​ជន‌ជាតិ​ខាល់ដេ មាន​មោទន‌ភាព នឹង​ត្រូវ​ព្រះ‌ជាម្ចាស់​រំលាយ ដូច​ក្រុង​សូដុម ហើយ​ក្រុង​កូម៉ូរ៉ា​ដែរ។ 20 ក្រុង​នោះ​នឹង​លែង​មានមនុស្ស​រស់​នៅ ក៏លែងមានដំណរមនុស្សទៀតដែរ។ សូម្បី​ពួក​អារ៉ាប់​ ក៏​លែង​បោះ​ជំរំ​នៅ​ទី​នោះ ហើយ​ពួក​គង្វាល​ក៏​មិន​នាំ​ហ្វូង​សត្វរបស់​គេ​ ទៅ​ដេក​នៅ​ទី​នោះ​ទៀតទេ។ 21 ប៉ុន្តែ​សត្វ​ព្រៃ​ទាំងឡាយដែល​នឹង​នាំ​គ្នា​មកនៅទីនោះ។ ផ្ទះ​ពួកគេ​នឹង​មាន​ពេញ​ដោយ​សំឡេង​សត្វ​យំ សត្វ​អូទ្រុស​នឹង​រស់​នៅហើយ​ពពែ​ព្រៃ​នឹង​លោត​កញ្ឆេង​នៅ​ទី​នោះ។ 22 ហ្វូង​ឆ្កែ​ព្រៃ​នឹង​លូ​នៅ​តាម​ដំណាក់​របស់​ពួក​គេ ហើយ​ហ្វូង​ស្វា​រស់​នៅ​ក្នុង​វិមាន​លំហែ​កាយ។ ពេល​កំណត់​របស់​ក្រុង​បាប៊ី‌ឡូន​ជិត​មក​ដល់ គ្មាន​ពន្យារ​ឡើយ។