ជំពូក ១
1
កាលពីដើម នៅទឹកដីអ៊ូស មានបុរសម្នាក់ឈ្មោះយ៉ូប ជាមនុស្សស្មោះត្រង់ និងសុចរិត លោកយ៉ូបគោរពកោតខ្លាចព្រះជាម្ចាស់ ហើយចៀសចេញពីការប្រព្រឹត្តអំពើអាក្រក់។
2
លោកយ៉ូបមានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់ផងដែរ។
3
លោកមានចៀមប្រាំពីរពាន់ក្បាល អូដ្ឋបីពាន់ក្បាល គោប្រាំរយនឹម និងលាប្រាំរយក្បាល ហើយលោកក៏មានអ្នកបម្រើជាច្រើនដែរ។ លោកជាមនុស្សមានឈ្មោះល្បីជាងគេ នៅលើទឹកដីខាងកើត។
4
កូនប្រុសៗរបស់លោកតែងតែទៅជប់លៀងនៅផ្ទះរបស់ពួកគេ តាមវេនរៀងៗខ្លួន។ ពួកគេក៏អញ្ជើញបងប្អូនស្រីៗទៅចូលរួមបរិភោគជាមួយគេដែរ។
5
ក្រោយពេលជប់លៀងហើយ លោកយ៉ូបតែងតែហៅកូនៗរបស់លោក មកធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធ។ លោកក្រោកពីព្រលឹម ថ្វាយតង្វាយដុត សម្រាប់កូនម្នាក់ៗ ដ្បិតលោកបាននិយាយថា៖ «ក្រែងកូនរបស់ទូលបង្គំប្រព្រឹត្តអំពើបាប ហើយប្រមាថព្រះជាម្ចាស់នៅក្នុងចិត្តរបស់គេ»។ លោកយ៉ូបតែងតែថ្វាយតង្វាយដុតជានិច្ច។
6
ថ្ងៃមួយ ពួកកូនរបស់ព្រះអម្ចាស់ នាំគ្នាចូលមកគាល់នៅចំពោះ ព្រះវត្តមានព្រះអម្ចាស់។ មារសាតាំងក៏ស្ថិតនៅក្នុងចំណោមនោះដែរ។
7
ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់មារសាតាំងថា៖ «តើអ្នកទើបនឹងមកពីណា?» មារសាតាំងទូលព្រះអម្ចាស់ដោយទូលថា៖ «ទូលបង្គំទើបនឹងដើរនៅលើផែនដី ទៅពេញលើផែនដីផង»។
8
ព្រះអម្ចាស់សួរមារសាតាំងថា៖ «តើអ្នកសង្កេតឃើញយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? ដ្បិតលើផែនដី គ្មាននរណាម្នាក់ដូចយ៉ូបឡើយ គឺជាមនុស្សទៀងត្រង់ និងរកកន្លែងបន្ទោសគ្មាន ជាអ្នកកោតខ្លាចព្រះជាម្ចាស់ និងបែរចេញពីអំពើអាក្រក់»។
9
ក្រោយមកសាតាំងឆ្លើយនិងព្រះអម្ចាស់វិញថា៖ «តើយ៉ូបពិតជាកោតខ្លាចព្រះអង្គដោយគ្មានហេតុឬ?
10
តើមិនមែនព្រះអង្គបានការពារគាត់ និងផ្ទះសំបែងរបស់គាត់ ព្រមទាំងអ្វីៗដែលគាត់មានទេឬ? ព្រះអង្គប្រទានពរឲ្យឲ្យចម្រើនក្នុងដៃដែលគាត់ធ្វើ ហើយក៏ប្រទានឲ្យហ្វូងសត្វរបស់គាត់ មានចំនួនច្រើនទឹកដីគាត់ដែរ។
11
ប៉ុន្តែពេលនេះព្រះអង្គលូកព្រះហ័សបំផ្លាញអ្វីៗទាំងអស់ដែលគាត់មាន ហើយគាត់នឹងប្រមាថព្រះអង្គជាមិនខាន»។
12
ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់សាតាំងថា៖ «មើល៍! អ្វីៗដែលយ៉ូបមាន ស្ថិតនៅក្នុងដៃឯងស្រាប់ហើយ។ ការមួយ ឯងអាចបំផ្លាញគាត់ តែកុំប៉ះពាល់រូបគាត់ផ្ទាល់ឲ្យសោះ»។ ក្រោមក សាតាំងបានចេញពីព្រះអម្ចាស់ទៅ។
13
ថ្ងៃមួយ ពេលកូនប្រុសកូនស្រីរបស់លោកយ៉ូបកំពុងតែជប់លៀងបរិភោគនៅផ្ទះរបស់បងច្បង។
14
នោះមានអ្នកបម្រើម្នាក់មកជម្រាបលោកថា៖ «យើងខ្ញុំកំពុងតែភ្ជួរស្រែជាមួយគោ ហើយហ្វូងលាក៏កំពុងតែស៊ីស្មៅនៅក្បែរនោះ។
15
មានជនជាតិសេបាបានមក ហើយប្លន់យកហ្វូងសត្វរបស់លោកម្ចាស់ទៅ។ ពួកគេបានសម្លាប់អ្នកបម្រើផ្សេងទៀត ដោយដាវ។ មានតែខ្ញុំទេដែលរួចជីវិតហើយយកដំណឹងនេះមកជម្រាបលោក»។
16
ពេលអ្នកបម្រើកំពុងតែនិយាយ ស្រាប់តែអ្នកបម្រើម្នាក់ទៀតមកដល់ ជម្រាបលោកថា៖ «មានរន្ទះបាញ់ពីលើមេឃ ឆេះហ្វូងចៀម និងអ្នកបម្រើផ្សេងទៀតស្លាប់អស់ហើយ។ មានតែខ្ញុំម្នាក់ដែលបានរួចជីវិត នាំដំណឹងនេះមកជម្រាបលោក»។
17
អ្នកចម្រើកំពុងតែនិយាយ ក៏មានអ្នកបម្រើម្នាក់ទៀតមកដល់ ប្រាប់ថា៖ «មានជនជាតិខាល់ដេ លើកគ្នាមកជាបីក្រុម ហើយប្លន់យកហ្វូងអូដ្ឋទៅ។ សម្លាប់អ្នកបម្រើផ្សេងទៀតដោយមុខដាវ។ មានតែខ្ញុំម្នាក់ដែលបានរួចជីវិត នាំដំណឹងនេះមកជម្រាបលោក»។
18
ពេលគាត់និយាយមិនទាន់ចប់ផង ស្រាប់តែមានអ្នកបម្រើម្នាក់ទៀតមកដល់ ប្រាប់ថា៖ «កូនប្រុស កូនស្រីរបស់លោកម្ចាស់ កំពុងជប់លៀងបរិភោគនៅផ្ទះបងច្បង។
19
ស្រាប់តែមានខ្យល់ព្យុះបក់មកពីវាលរហោស្ថាន ប៉ះនឹងជ្រុងផ្ទះទាំងបួនទិស ផ្ទះក៏រលំសង្កត់យុវជនទាំងនោះ ស្លាប់អស់ហើយ។ មានតែខ្ញុំទេដែលបានរួចជីវិតហើយមកជម្រាបលោក»។
20
ពេលនោះ លោកយ៉ូបក្រោកឡើង ហែកអាវធំរបស់លោក ហើយកោរសក់ បន្ទាប់មក លោកផ្ដួលខ្លួនដល់ដី ក្រាបថ្វាយបង្គំព្រះជាម្ចាស់។
21
ទាំងពោលថា៖ «ខ្ញុំបានចាកចេញពីផ្ទៃម្ដាយមកខ្លួនទទេ ខ្ញុំក៏នឹងវិលត្រឡប់ទៅវិញខ្លួនទទេដែរ។ ព្រះអម្ចាស់ប្រទានអ្វីៗមកខ្ញុំ ហើយព្រះអង្គក៏ដកយកពីខ្ញុំវិញដែរ។ សូមលើកតម្កើងព្រះនាមព្រះអម្ចាស់»។
22
ក្នុងស្ថានភាពទាំងនេះ លោកយ៉ូបពុំបានប្រព្រឹត្តអំពើបាប ឬពោលពាក្យចោទប្រកាន់ព្រះជាម្ចាស់ដែរ។